ខេត្តបាត់ដំបង÷អភិបាលស្រុកបាណន់ លោក ស្រេង សុខា នៅថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤នេះ បានឱ្យដឹងថា គ្រាប់មីនប្រភេទ៧២ ឬសញ្ញាលេខបូកចំនួន៤គ្រាប់ ត្រូវបានបុរសឈ្មោះ អឿន ម៉ៅ ប្រទះឃើញនៅក្នុងចម្ការ ពោតរបស់គាត់ក្រោយពេលមេឃបានធ្លាក់ភ្លៀងជាប់គ្នាជាច្រើនថ្ងៃធ្វើឱ្យទឹកហូរកាត់ដីនិងផុសគ្រាប់មីននេះឡើងមកតែម្តង ។
លោក អឿន ម៉ៅ ដែលជាម្ចាស់ចម្ការពោត បានឱ្យដឹងថា គាត់តែងតែប្រទះគ្រាប់មីននៅរាយប៉ាយក្នុងដីចម្ការជារៀងរាល់ឆ្នាំ នៅពេលគាត់បានភ្ជួរដីធ្វើចម្ការ ។ លោក អឿន ម៉ៅ បញ្ជាក់ថា កាលពីឆ្នាំមុនក្រោយការភ្ជួរដីរួច គាត់បានប្រទះឃើញគ្រាប់មីនប្រភេទនេះ ជាបន្តបន្ទាប់ បើគិតដល់ពេលនេះ គាត់បានប្រទះឃើញគ្រាប់មីនប្រភេទនេះសរុបចំនួន១១គ្រាប់ហើយ ។ ប៉ុន្តែរហូតដល់ពេលនេះ គាត់មិនធ្លាប់ឃើញអង្គភាពកំចាត់មីន ជួយចុះពិនិត្យឬចុះរុករកគ្រាប់មីននៅក្នុងចម្ការគាត់ម្ដងណាទេ ។
លោក អឿន ម៉ៅ សំណូមពរសុំឲ្យអាជ្ញាធរឬមន្ត្រីអង្គភាពកំចាត់មីនស៊ីម៉ាក់ចុះរុករកគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះនានា នៅតំបន់ដីចម្ការរបស់គាត់ផង ព្រោះគាត់យល់ថា គ្រាប់មីន ឬ គ្រាប់ដទៃអាចនៅមានសេសសល់ នៅក្នុងដីចម្ការគាត់នៅឡើយ ។
កម្ពុជាបានចាប់ផ្តើមបោសសំអាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ខណៈគ្រាប់មីនច្រើនលានគ្រាប់និងគ្រាប់មិនទាន់ផ្ទុះ បានគំរាមកំហែងដល់ អាយុជីវិតប្រជាពល រដ្ឋខ្មែរនៅទូទាំងប្រទេស។ មិនមានតំបន់ណាដែលថាគ្មានគ្រាប់មីននិង គ្រាប់មិនទាន់ផ្ទុះសេសសល់ឡើយក្នុងជំនាន់អតីតកាលនៃសង្គ្រាមស៊ីវិលនោះ៕