ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សូមរំលឹកថា ៖ លោក Wang Wenbin ជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានអញ្ជើញមកដល់កម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។
សូមរម្លឹកថា ៖ សម្តេចតេជោហ៊ុនសែន ធ្លាប់បានបញ្ជាក់ថា មិត្តភាពដែកថែប របស់កម្ពុជានិងចិន នឹងកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនអាចបែកបាក់គ្នានោះឡើយ បើទោះបីជាមានការ លួងលោម និងការលើកឡើង របស់ប្រទេសដទៃ ដែលមានចេតនាចង់បំបែកបំបាក់មិត្តភាពរវាងកម្ពុជា និងចិនក៏ដោយនោះ។
សម្តេចតេជោ តែងបានមានប្រសាសន៍ថា ៖ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវវរាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានកសាងទំនាក់ទំនងជាមួយនឹងសាធារណរដ្ឋប្រមានិតចិនតាំងពីជំនួបដំបូង ដែលចំណុចនោះ គឺជាការចាប់ផ្តើមនាំមកនូវទំនាក់ទំនងដ៏ល្អ ហើយវាមិនមែនជាការចៃដន្យនោះទេ ក៏ប៉ុន្តែមានការត្រួសត្រាយផ្លូវ ដោយព្រះបរមរតនកោដ្ឋ ជាមួយនឹងមេដឹកនាំជំនាន់ដើមរបស់ចិន ។ សម្តេចតេជោបន្តថា កម្ពុជាបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន តាំងពីចិនមិនទាន់ចូលជាសមាជិកអង្គការសហប្រជាជាតិមកម្ល៉េះ ដែលនេះជាចំណុចដែលត្រូវចងចាំ ដែលមានន័យថា ព្រះអង្គបានចាប់យកចំណុចគន្លឹះ ដែលមានចក្ខុវិស័យវែងឆ្ងាយ ហើយភាពប្រាកដប្រជាបានកើតឡើង។ សម្តេចតេជោបន្តទៀតថា បន្ទាប់ពីទំនាក់ទំនងព្រះបរមរតនកោដ្ឋ គឺនៅមានព្រះរាជបុត្ររបស់ព្រះអង្គដែលជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន រួមទាំងរូបសម្តេចផ្ទាល់ និងនាយករដ្ឋមន្ត្រីកម្ពុជា បន្តអនុវត្តនយោបាយចិនតែមួយ និងបន្តនៅក្នុងទំនាក់ទំនងដ៏ល្អបន្ថែមទៀត ដែលជាទំនាក់ទំនងដែកថែបគ្មានអ្នកណាមកបំបែកបានឡើយ។ សំឡេង « មិត្តភាពដែបថែបនៅទីនេះបើតាមខ្ញុំកាត់យល់ ហើយការយល់ដឹងរបស់ខ្ញុំគឺនៅត្រង់ ការជឿទុកចិត្តគ្នាដែលបន្ថែមន័យសង្កត់ទៅលើ ទំនាក់ទំនងយុទ្ធសាស្រ្តដៃគូគ្រប់ជ្រុង ជ្រោយ ។ មិនតិចទេប្រទេសដែលមានកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តឬភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិនជាមួយប្រទេសដទៃ ក៏ប៉ុន្តែនៅទីនេះប្រធានាធិបតី ស៊ី ជីនពីង បានបន្ថែម ពាក្យគឺមិត្តដែកថែប ចំណុចដែលខ្ញុំយល់ដឹងអំពីន័យនេះ គឺការជឿទុកចិត្តគ្នាខាងនយោបាយពិតប្រាកដ ដែលគ្មានពេលណារង្គោះរង្គើរវាងភាគីទាំង២ ទោះបីត្រូវទទួលសម្ពាធពីអ្នកនេះ ទទួលសម្ពាធពីអ្នកនោះ ក៏ប៉ុន្តែយើងមិនបាន ដោយរោយទៅតាមការគំរាម ដោយរោយទៅតាមការលួង លោមរបស់អ្នកណាទាំងអស់ ព្រោះយើងត្រូវគោរពដោយមានការស្មោះត្រង់ក្នុងទំនាក់ទំនងជាមួយគ្នា » ៕