ភ្នំពេញ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុករថយន្តពីក្រោយចំណែករថយន្តបានបេីករត់គេចទៅបាត់ស្រមោល។ កាលពីវេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុចភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
សពឈ្មោះ ហឿង សុម៉ាលី ភេទស្រីអាយុ២៧ឆ្នាំ មុខរបរបំរើការនៅខេធីវី ម្ដុំផ្លូវជាតិលេខ៣ បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់កំបូល រាជធានីភ្នំពេញ។
មានស្រុកកំណើត នៅខេត្តកណ្ដាល។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកសត្វមាន់មួយគ្រឿងមិនចាំស្លាកលេខ បានបើកមកចតឈប់ចោលនៅលើចិញ្ចើមផ្លូវខណៈតៃកុងបានចុះពីរថយន្តទៅទិញអីហូប បន្ទាប់មកស្រាប់តែគេឃើញ នារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាclickពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1AE- 6742 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយវ៉ាក់អឺជាន់ហ្រ្វាំងមិនសុីអូសជាច្រើនម៉ែត្រក៏ជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹងបណ្ដាលឲ្យ បោកក្បាលផ្ទប់និងជញ្ជាំងដែករថយន្តស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ហើយពេលនោះដែររថយន្តខាងលើក៏បានបើកគេចពីកន្លែងកើតហេតុទៅបាត់ស្រមោលលុះក្រោយមកទេីបបង្កការភ្ញាក់ផ្អើលដល់នគរបាលមូលដ្ឋានចុះទៅបាញ់ថ្នាំយកម៉ូតូសំរួលដាក់គៀនខាង ។
ក្រោយពេលកេីតហេតុសពរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចរាចរណ៍ធ្វើលិខិតប្រគល់សពអោយទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតចំណែកម៉ូតូរងគ្រោះខាងផ្នែកជំនាញចរាចរណ៍យកទៅរក្សាទុកនៅខណ្ឌពោធិ៍សែនជ័យដេីម្បីស្រាវជ្រាវរករថយន្តបង្កពេលក្រោយ៕ដោយ÷ចន្ទ លីហ្សា