ភ្នំពេញ ៖ រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ!
ក្រពេញប្រូស្តាតជាក្រពេញមួយ ដែលមានតែលើសរីរាង្គមនុស្សប្រុស វាមានរាងដូចផ្លែកៅឡាក់ មានទំហំប្រមាណជា ៣សង់ទីម៉ែត និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ហើយវាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។
ក្រពេញប្រូស្តាតរីកធំ កើតឡើងភាគច្រើនចាប់ពីអាយុ៥០ឆ្នាំឡើងទៅ តាមការសិក្សានៅប្រទេសអឺរ៉ុបបានណែនាំឲ្យមនុស្សប្រុសដែលមានអាយុចាប់ពី៥០ឆ្នាំ ត្រូវទៅពិនិត្យឈាម និងជួបគ្រូពេទ្យជំនាញខាងតម្រងនោម និងក្រពេញប្រូស្តាត ដើម្បីពិគ្រោះ និងធ្វើការវិភាគរោគវិនិច្ឆ័យ ថាគាត់មានជំងឺក្រពេញប្រូស្តាតរីកធំឬទេ។
ក) មូលហេតុ៖
ការសិក្សាបញ្ជាក់ថា ដោយសារភាពមិនស្មើរគ្នារវាងអរម៉ូន Androgéne និង Oestrogéne នៅក្នុងក្រពេញប្រូស្តាត។
ខ) រោគសញ្ញាមាន២ក្រុមធំៗ៖
១) រោគសញ្ញាស្ទះ
– នោមតក់ៗ
– នោមដាច់ នោមដាច់
– ពិបាកនោមពេលប្រឹងនោមដំបូង
– កំលាំងទឹកនោមចេញខ្យោយ (ទឹកនោមធ្លាក់ជិតជើង)
២) រោគសញ្ញារំខាន
– មានទឹកនោមហៀចេញសើមៗរហូត
– នោមញឹកទាំងពេលថ្ងៃ និងពេលយប់ (រំខានដល់ដំណេក)
គ) ការធ្វើរោគវិនិច្ឆ័យ៖
– ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ តាមរយៈការស្ទាបពោះ រកការឈឺចាប់ពីការស្ទះទឹកនោមក្នុងប្លោកនោម
– ការពិនិត្យក្រពេញប្រូស្តាតដោយការលូកបាត ដើម្បីស្ទាបទំហំ និងការវាយតំលៃសភាពរបស់ក្រពេញថាធម្មតា ឬក៏ធំខុសពីធម្មតា (Toucher Rectale)
– ការឆ្លុះអេកូពោះដើម្បីវាស់ទំហំប្រូស្តាត និងរកផលវិបាលរបស់ជំងឺ (Echographie)
– ពិនិត្យឈាម មើលPSA (Prostate-Specific Antigen) ដើម្បីជម្រុះចោលពីមហារីកក្រពេញប្រូស្តាត
ឃ) ផលវិបាក៖
– នោមឈាម
– នោមលែងចេញ
– ខ្សោយតម្រងនោម
– រលាកផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត
ង) ការព្យាបាល៖
– ការព្យាបាលដោយប្រើថ្នាំដែលណែនាំដោយវេជ្ជបញ្ជា
– ការព្យាបាលដោយការកោសក្រពេញប្រូស្តាតដោយម៉ាស៊ីនអង់ដូស្កុប
សូមបងប្អូនប្រជាពលរដ្ឋជាបុរស ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ ស្វែងរក និងវិភាគរោគវិនិច្ឆ័យជំងឺនេះ ហើយធ្វើការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕