ខេត្តកំពង់ឆ្នាំង៖ សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលស្គាល់ជាផ្លូវការហើយ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកចេង ញ៉ាន់ អនុប្រធានគណកម្មាធិការគណបក្សាប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង ជាក្រុមការងារចុះជួយស្រុកកំពង់លែង និង លោក កែវ ពៅប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកំពង់ហៅ ។
លោក ចេង ញ៉ាន់ អនុប្រធានគណកម្មាធិការគណបក្សាប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង ជាក្រុមការងារចុះជួយស្រុកកំពង់លែងបានអោយដឹងថា នេះគឺជាឱកាសដ៏ល្អមួយដែលបងប្អូនមានអាយុចាប់ពី១៨ឆ្នាំឡើងទៅត្រូវបានថ្នាក់ដឹកនាំនិងក្រុមការងារធ្វើការសម្របសម្រួលបញ្ចូលជាសមាជិកពេញសិទ្ធិ ចាប់តាំងពីថ្ងៃប្រកាសជាផ្លូវការនេះតទៅ ហើយការបញ្ចូលបងប្អួនណាម្នាក់ជាសមាជិកគឺត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងល្អប្រសើរ ។
លោកចេង ញ៉ាន់ បានអោយដឹងទៀតថា ក្រោយពីបងប្អូនបានប្រកាសទទួលស្គាល់ជាផ្លូវការហើយនោះ សូមធ្វើយ៉ាងណាត្រូវតែគោរពនូវលក្ខន្តិកៈរបស់គណបក្សឲ្យបានល្អប្រសើរ និងគោរពស្រលាញ់ប្រជាពលរដ្ឋ និងចេះចលនាមហាជនឲ្យចូលរួមជាមួយគណបក្ស និងគាំទ្រគណបក្សប្រជាជនឥតងាករេ មិនតែប៉ុណ្ណោះយើងត្រូវធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យក្លាយទៅជាសមាជិកបក្សដែលមានលក្ខណៈសម្បត្តិល្អ មានធនធានប្រកបដោយគុណភាព និងគុណតម្លៃខ្ពស់ ។ សាមគ្គីភាពគឺជាកម្លាំងដ៍រឹងមាំ របស់គណបក្សដែលមិនអាចខ្វះបាន និង ត្រូវរួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលទេសៈ ។
សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងឃុំកំពង់ហៅដែលបានប្រកាសទទួលស្គាល់នាពេលនេះមានចំនួន២៨៣នាក់មកពីភូមិចំនួន៤ ក្នុងឃុំកំពង់ហៅ ។
នៅក្នុងឱកាសនោះលោក ចេង ញ៉ាន់ និង លោកកែវ ពៅ បានឧបត្ថម្ភដល់សមាជិក សមាជិការដែលចូលរួម ក្នុងម្នាក់ក្រមា១ និង ថវិកា២ម៉ឺនរៀល ចំណែក អ្នកមានផ្ទៃពោះចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ ៕
ដោយ៖ ចន្ថា