ភ្នំពេញ៖ កម្លាំងនគរបាលសង្កាត់អូឡាំពិក បានឃាត់ខ្លួនជនសង្ស័យជាចោរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចំនួន២នាក់ កាលពីវេលាម៉ោង១១ និង៥នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣២EO ផ្លូវលេស៣៤៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចូលលួចសម្ភារ ជាដែក ទូរ ម៉ាស៊ីនត្រជាក់ របស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នោះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរទី១ឈ្មោះពឿន សំណាង ហៅចៃនី ភេទប្រុស អាយុ២៣ឆ្នាំ និងម្នាក់ទៀតជាអ្នកលក់អេតចាយ ប៉ុន្តែត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើការសាកសួរមិនពាក់ព័ន្ធ នឹងបទល្មើសខាងលើ។ សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះពឿន សំណាង បានសារភាពថា ពេលធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅដីឡូត៍មួយកន្លែង ផ្ទះលេខ៨៨E0 ផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក គឺមានគ្នា៣នាក់ ឈ្មោះពៅ និងឈ្មោះសិទ្ធ ប៉ុន្តែពួកគេក្រោយធ្វើសកម្មភាពបានរត់គេចខ្លួន ទើបសមត្ថកិច្ចមកឃាត់ខ្លួនរូបគេ ពេលដែលត្រឡប់ពីយកម៉ាស៊ីនត្រជាក់លួចបាននោះទៅលក់។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះអឿ ស្រីនិច ភេទស្រី អាយុ២៩ឆ្នាំ មុនពេលកើតហេតុគាត់បានបើកទ្វារផ្ទះនៃដីឡូត៍នោះចោល ដោយមិននឹកស្មានថាមានអំពើចោរកម្មកើតឡើង តែក្រោយមកបានបាត់របស់របរក៏ប្ដឹងសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីកម្លាំងល្បាតចុះធ្វើការក៏ឃើញមុខសញ្ញាក្រុមជនសង្ស័យទាំងនេះ។
បច្ចុប្បន្នជនសង្ស័យឈ្មោះពឿន សំនាង ហៅចៃនី ត្រូវបាននគរបាលសង្កាត់អូឡាំពិកនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ស រស្មី