ខេត្តព្រះវិហារ៖ មុខសញ្ញាក្មេងទំនើងមួយក្រុមមានគ្នា៨នាក់ដែលបានធ្វើសកម្មភាពស្ទាក់គប់ទឹកសុទ្ធទៅលើអ្នកធ្វើដំណើរ២នាក់ដែលជាដៃគូធ្លាប់ទំនាស់ជាមួយគ្នាកន្លងមក ហើយព្រមទាំងដេញកាប់នឹងវាយបន្ថែមទៀតនោះត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបង្ក្រាបឃាត់ខ្លួមបានហើយ។
ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់នោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកមុខសញ្ញាបានភ្លាមៗបន្ទាប់ពីពួកធ្វើសកម្មភាពកាលពីវេលាម៉ោង១៧ៈ០០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នៅត្រង់ចំណុចភូមិស្រអែមខាងជើ ឃុំស្រអែម ស្រុកជាំក្សាន្ត។
បន្ទាប់ទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារបានបញ្ជារយ៉ាងមឺងម៉ាត់ហើយចាត់ឱ្យ លោក វរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បើកការស្រាវជ្រាវរកមុខសញ្ញានឹងឈានដល់កំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនបានចំនួន៨នាក់មកធ្វើការសាកសួ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួទៅមុខសញ្ញាទាំង៨នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានយកទឹកសុទ្ធគប់ទៅក្មេងដែលជិះម៉ូតូ២នាក់នឹងបាននាំគ្នាស្ទាក់កាប់នឹងវាយបណ្តាលឱ្យរងរបួសនឹងខូចម៉ូតូពិតមែនដោយមូលហេតុពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នាកាលពីពេលកន្លងមក។
ហើយបន្ទាប់ពីបានទទួលចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំ៨នាក់នោះរួចមក ការិយាល័យជំនាញបានកសាងសំណុំរឿងតាមនិតិវិធីហើយបានបញ្ជូនខ្លួនមុខសញ្ញាទាំង៨នាក់ទៅសាលាដំបូងនៅវេលាម៉ោង១៥០០នាទីថ្ងៃទី១២ខែសីហាឆ្នាំ២០២៤ ដើម្បីចាត់ការតាមច្បាប់៕