សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី​១៥ ខែសីហា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់​ នៅវិទ្យាស្ថានជាតិអប់រំ​។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ថ្លែង​ស្នើសុំដល់តាជី យាយជីឲ្យជួយណែនាំបន្ថែមដល់កូនចៅ និងក្មេងៗនៅតាមមូលដ្ឋានរបស់ខ្លួនកុំឲ្យប៉ះពាល់គ្រឿងញៀន និងទង្វើផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខ និងសង្គមជាតិស្អប់ខ្ពើម។

-សម្ដេចធិបតី ថ្លែង​អរគុណដល់អាចារ្យទាំងអស់ដែលបានចងក្រងក្បួនច្បាប់​ព្រះពុទ្ធសាសនាជាច្រើន ដើម្បីទុកឱ្យពលរដ្ឋបានរៀនសូត្របន្ត។

-សម្ដេច​ ថ្លែង​លើកទឹកចិត្តដល់អាចារ្យទាំងអស់ ចូលរួមចងក្រងឱ្យត្រឹមត្រូវតាមក្បួន, ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្បួនច្បាប់ព្រះពុទ្ធសាសនា។

-សម្ដេចធិបតី ថ្លែងថា​ បើចង់ថែរក្សា វប្បធម៌ ប្រពៃណី និងចង់ពង្រឹងការឯកភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺត្រូវធ្វើយ៉ាងណាកុំឱ្យប្រទេសជាតិមានសង្គ្រាមជាមុនសិន។

-សម្ដេចធិបតី ថ្លែងថា​ ការអប់រំតាមបែបព្រះពុទ្ធសាសនាដល់ប្រជាពលរដ្ឋ ដល់យុវជន គឺជាការចូលរួមថែរក្សាសន្ដិភាពរបស់កម្ពុជា តាមរយៈការអប់រំផ្លូវកាយ និងផ្លូវចិត្តធ្វើឱ្យយុវជនមានសន្ដិភាពផ្លូវចិត្ត។

-សម្តេចធិបតី ថ្លែងថា មហិច្ឆិតារបស់រាជរដ្ឋាភិបាលចង់បានធំបំផុត គឺភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយតាមមូលដ្ឋាននានាមិនឲ្យមានបទល្មើសផ្សេងៗ ដូចជាបញ្ហា ក្មេងទំនើង គ្មានការបង្ហោះម៉ូតូ គ្មានដាវសាំម៉ារៃ គ្មានអំពើហិង្សាផ្សេងៗ ជាពិសេសនោះគឺបញ្ហាគ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។

-សម្ដេចធិបតី ថ្លែងថា​ គ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរទេ ប៉ុន្ដែខ្មែកំពុងប្រឈមមុខដាក់ខ្មែរគ្នាឯង។ រឿងនេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចជាប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់ជួបប្រទះ។

-សម្ដេចធិបតី ថ្លែងថា​ ការចេញចូលទឹកដីខ្មែរ គឺចេញចូលទៅតាមច្បាប់ ដូច្នេះគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ។ ប៉ុន្ដែអ្វីដែលត្រូវព្រួយបារម្ភនោះ គឺការបែកបាក់ឯកភាពជាតិ បែកបាក់សាមគ្គីផ្ទៃក្នុង ចំណុចនេះហើយដែលធ្វើឱ្យខ្មែរខ្សោយ។

-សម្ដេចធិបតី ថ្លែងថា​ ការកង្វល់អំពីជាតិរបស់យើងជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា។ អ៊ីចឹងការឯកភាពជាតិ ការរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ គឺជាអ្វីដែលយើងត្រូវរួមគ្នាថែរក្សា។

-សម្ដេចធិបតី ថ្លែងថា​ ដើម្បីកុំឱ្យកង្វល់រឿងបាត់បង់ទឹកដីក្លាយជាការពិត គឺយើងត្រូវរួមគ្នាថែរក្សាទឹកដី សាមគ្គីភាពគ្នា រួមគ្នាថែរក្សាអធិបតេយ្យភាពរបស់កម្ពុជា ការឈ្លោះគ្នាមិនអាចថែរក្សាទឹកដីខ្មែរបានទេ។

-សម្ដេចធិបតី ថ្លែងថា នៅថ្ងៃទី២២ខែសីហាខាងមុខនេះ សម្ដេចនឹងទទួលបុរាណវត្ថុ ដែលបាត់ចេញពីទឹកដីកម្ពុជានៅអំឡុងសម័យសង្គ្រាម និងត្រូវអាម៉េរិករកឃើញហើយប្រគល់មកឱ្យកម្ពុជាវិញ។

-សម្ដេចធិបតី ថ្លែងថា​ សម្ដេចតែងតែតាមដាន ពិនិត្យមើលរាល់បញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដូចជាពេលកន្លងមក ពលរដ្ឋមានកង្វល់លើបញ្ហាដីធ្លី បញ្ហាអសន្ដិសុខ សម្ដេចតែងតែប្រាប់ទៅអភិបាលរាជធានី-ខេត្ត ដោះស្រាយភ្លាមៗ។ សម្ដេចបញ្ជាក់ថា ការស្ដាប់កង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងគឺជារឿងសំខាន់។

-សម្ដេចធិបតី ថ្លែងថា​ រឿងក្ដីបារម្ភលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺយើងមានប្រជាពលរដ្ឋបីប្រភេទ គឺប្រជាពលរដ្ឋអ្នកមានកង្វល់ ប្រជាពលរដ្ឋក្រុមអ្នកយល់ និងក្រុមអ្នកស្ងៀមស្ងាត់ ហើយក្រុមស្ងៀមស្ងាត់នេះ គឺជាក្រុមធំបំផុត។

-សម្ដេចធិបតី ថ្លែងថា​ ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ។ បើយើងប្រកាន់ជំហរបែបនេះ គឺយើងមិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជាដាច់ខាត។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់ប្រជាពលរដ្ឋដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ប្រកាន់អភិក្រម ជជែកគ្នា ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ នាំឱ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។

-សម្តេចធិបតី ថ្លែងបញ្ជាក់ថា​ ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតអភិវឌ្ឍន៍តំបន់ខេត្តទាំងបួននោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង។

-សម្ដេចធិបតី ថ្លែង​អំពាវនាវដល់ពលរដ្ឋ និងសាធារណជន សូមរួមគ្នាអភិវឌ្ឍនៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងការរីកចម្រើន ព្រមទាំង ដើម្បីលុបបំបាត់ការមន្ទិលសង្ស័យផងដែរ។

-សម្ដេចធិបតី ថ្លែង​អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ។

-សម្ដេចធិបតី ថ្លែងថា​ មានយុវជនកម្ពុជាម្នាក់បានសួរទៅអ្នកជំនាញជប៉ុន អំពីកិច្ចសហប្រតិបតិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ថាតើនឹងធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីដែរឬទេ? ជប៉ុន បានពន្យល់ខ្មែរថា ការអភិវឌ្ឍនៅតំបន់ព្រំដែននៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម(CLV-DTA) មិនធ្វើឱ្យបាត់បង់បូរណភាពទឹកដីប្រទេសណាមួយនោះទេ។​

-សម្ដេចធិបតី​ បានថ្លែង​បញ្ជាក់ថា​ ជប៉ុនក៏បានផ្ដល់ជំនួយដល់កិច្ចសហប្រតិបតិការនៅ​តំបន់ព្រំដែន នៃប្រទេសទាំងបីនោះផងដែរ។

-សម្ដេចធិបតី​ ថ្លែង​ថា​ បើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ!

-សម្តេចធិបតី ថ្លែងថា​ ទាក់ទងនឹងបញ្ហាខាងលើនេះសម្ដេចសូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា ដោយសារបញ្ហានេះ។

-សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលស្ដាប់រាល់កង្វល់ទាំងអស់​របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA និងដោះស្រាយបញ្ហានោះឱ្យបាន ដូច្នេះពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា។ បងប្អូនបញ្ចេញមតិ ប៉ុន្ដែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់។

-សម្ដេចធិបតី​ ថ្លែង​ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា បើរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បាត់បង់ទឹកដី ចុះហេតុអ្វីរឿងនេះតាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភាមិនព្រមជំទាស់តាំងពីពេលនោះ ទើបមកបញ្ឆេះរឿងអូសទាញយុវជនឱ្យធ្វើបាតុកម្មនាពេលនេះ?

-សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលប្ដេជ្ញារក្សាអធិបតេយ្យភាព ការពារបូរណភាពទឹកដី ជំរុញការអភិវឌ្ឍ និងរក្សាស្ថិរភាពសុខសន្តិភាពជូនកម្ពុជាឱ្យខាងតែបាន។

...

សូមជម្រាបថា​ ពិធីសំណេះសំណាលនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការ​អភិវឌ្ឍលើគ្រប់ វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងភាព​ប្រាកដ​និយម​របស់សម្តេចធិបតីនាយករដ្ឋមន្តី និងការរួមចំណែកគាំទ្រពីភាគីពាក់ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃ​ណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ អត្តសញ្ញាណរបស់ខ្លួន រហូតមកទល់​បច្ចុប្បន្ននេះ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការជួយពង្រឹង​និងអប់រំសីលធម៌ ចរិយាធម៌សង្គម ដែលជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយបញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមាន សុខ​សន្តិភាព ស្ថិរភាព ប្រជាជនរស់នៅប្រកបដោយ ភាពថ្លៃថ្នូរ មានសុខដុមរមនាជាមួយគ្នា ចាកផុតពីការ​រើស​អើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សា​ផ្សេងៗ​ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូលផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print