ភ្នំពេញ៖ ដោយសារមានការជឿជាក់និងទុកចិត្តចំពោះថ្នាក់ដឹកនាំរបស់គណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាដែលបានលូកដៃជ្រៅទៅក្នុងវិស័យកីឡាជនពិការ ជាហេតុធ្វើឲ្យមានទំនុកចិត្តពីបណ្តាសមាជិកតំណាងប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយបានបោះឆ្នោតគាំទ្របេក្ខភាពតំណាងគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាទទួលតំណែងជាអនុប្រធានសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ានកាលពីឆ្នាំ២០១៥ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍វិស័យកីឡាជនពិការនៅក្នុងតំបន់អាស៊ាន ។
នេះគឺជាការលើកឡើងរបស់លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជាកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៦ នៅទីស្នាក់ការមជ្ឈមណ្ឌលជាតិ ជនពិការកម្ពុជា ។
លោក យី វាសនា មានប្រសាសន៍ថា ចាប់តាំងពីកកើតសហព័ន្ធនេះកាលពីឆ្នាំ ២០0១ ប្រទេសកម្ពុជាបានចូលរួមរហូត ដល់បច្ចុប្បន្នក្នុងនាមជាអ្នកប្រឹក្សាយោ បល់ក្នុងក្រុមគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាជនពិកការអាស៊ាន។ ជាមួយ គ្នានោះដែរ សកម្មភាពការងារសហព័ន្ធបានបង្កើតជាព្រឹត្តិការណ៍សម្រាប់ប្រកួតដើម្បីឲ្យបងប្អនជនពិការបញ្ចេញសមត្ថភាពទេពកោសល្យតាមជំនាញរៀងៗខ្លួនចំនួន៨លើករួចមកហើយដែរ។
ក្នុងនោះប្រទេសកម្ពុជាយើងបានលូកដៃចូលជ្រៅទៅក្នុងវិស័យកីឡាជនពិការធ្វើឲ្យតំណាងប្រទេសក្នុងសហគមន៍ជឿជាក់លើកម្ពុជានិងបោះឆ្នោតជូនក្នុងមុខ តំណែងអនុប្រធានសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ានទទួលបន្ទុកផ្នែកអភិវឌ្ឍន៍វិស័យកីឡាជនពិការអាស៊ានដែលមានអាណត្តិ៤ឆ្នាំត្រូវបោះឆ្នាតម្តង។ ក្រោយពេលកម្ពុជាកម្រើកឡើងក្នុងការអភិវឌ្ឍក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា វិស័យកីឡាជនពិការកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។
លោកយី វាសនា បានបន្តទៀតថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ាននាចុងខែកក្កដា ឆ្នាំ២០១៦កន្លងទៅធ្វើឡើងក្នុងប្រទេសថៃបានពិភាក្សានិងកែចំណុចមួយចំនួនដើម្បីធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើងដើម្បីអភិវឌ្ឍវិស័យកីឡាជនពិការឲ្យបានរីក ចម្រើននិងល្បីនៅលើឆាកអន្តរជាតិនិង ពិភពលោក ។
លោកបញ្ជាក់ថា គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ាននេះ នឹងរៀបចំយុទ្ធសាស្ត្ររបស់ ខ្លួនជាបន្តបន្ទាប់ទៀតដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យ កីឡាជនពិការនៅទូទាំងសហគមន៍អាស៊ាននោះនៅខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ាននឹងបើកកិច្ចប្រជុំផ្លាស់ប្តូរមតិយោបល់គ្នាបន្តទៀតនៅប្រទេស មាឡេស៊ី។
គួររំលឹកថា បើទោះបីកម្ពុជាហាក់នៅក្មេងខ្ចីក្នុងការបញ្ជូនប្រតិភូ អត្តពលិកជនពិការរបស់ខ្លួនទៅចូលរួមការប្រកួតកីឡា ជនពិការផ្សេងៗនៅលើកឆាកអន្តរជាតិក៏ដូចជាក្នុងតំបន់ក្តីក៏យើងទទួលបានផ្លែផ្កាត្រឡប់មកជូនជាតិមាតុភូមិវិញដែរ ប៉ុន្តែ ប្រភេទកីឡាជនពិការហាក់បីដូចអភ័ព្វជាងគេដោយគ្មានក្រុមហ៊ុនឯកជនណាមើលឃើញពីសុខទុក្ខរបស់ជនពិការសោះ ៕
ដោយ៖ សារីម