ខេត្តតាកែវ៖ មានរឿងរ៉ាវដ៏អយុត្តិធម៌មួយបានកើតឡើងលើប្រធានមណ្ឌល សុខភាពគោកធ្លកស្រុកអង្គរបុរី ខេត្តតាកែវដែលប្រធានការិយាល័យសុខាភិបាល ប្រតិបត្តិស្រុកព្រៃកប្បាសបានជ្រែយក តំណែងជាប្រធានមណ្ឌលឲ្យទៅឪពុកមារបស់ខ្លួន ។
យោងតាមសេចក្ដីរាយការណ៍ពីលោក ឈួន ស៊ីដន ប្រធានមណ្ឌលសុខភាពគោកធ្លកបានឲ្យដឹងថា លោក ហ៊ីង សាមិត្ត ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រៃកប្បាសបានរៀបចំគម្រោងនិងបានធ្វើឯកសារពាក្យលាឈប់ពីតំណែង ឲ្យលោកដោយលោកមិនបានដឹងខ្លួនឬមានកំហុសអ្វីសូម្បីបន្ដិច ។
លោកឈួន ស៊ីដនបានបន្ដទៀតថាក្នុងពាក្យលាឈប់ពីតំណែងរបស់លោកហ៊ីង សាមិត្តប្រគល់ឲ្យលោកគឺបានដាក់លោកលាឈប់ពីតំណែងប្រធានមណ្ឌលសុខភាពគោកធ្លកដោយសារលោកមានជំងឺប្រចាំកាយហើយបានបង្ខិតបង្ខំឲ្យលោកចុះហត្ថលេខាទទួលស្គាល់ថាលោកបានយល់ព្រមដាក់ពាក្យលាឈប់ពីតំណែងដោយសារ មានជំងឺពិតមែន ។
លោកបានបញ្ជាក់បន្ថែមទៀតថា ការ ដែលលោកហ៊ីង សាមិត្ត បង្ខំឲ្យលោកលាឈប់ពីតំណែងជាប្រធានមណ្ឌលគឺលោក ហ៊ីង សាមិត្ត បានយកតំណែងនេះទៅ ឲ្យលោក ភា សុទ្ធី ដែលត្រូវជាពូរបស់លោក ហ៊ីង សាមិត្ត ។
ជុំវិញករណីខាងលើអ្នកយកព័ត៌មាន នគរវត្តមិនអាចសុំការបំភ្លឺពីលោក ហ៊ីង សាមិត្តប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រៃកប្បាសបានទេ ដោយ ទូរស័ព្ទមិនចូល ។
ចំណែកលោកសេង គីម អនុប្រធាន ការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រៃកប្បាសបានឲ្យដឹងថាពិតជាមានការដកតំណែងលោក ឈួន ស៊ីដន ពីប្រធាមណ្ឌលសុខភាពគោកធ្លកពិតមែនហើយលោក មិនមានសិទ្ធិលូកដៃជ្រៅនោះទេវាជារឿង របស់លោក ហ៊ីង សាមិត្ត សូមលោកអ្នកយក ព័ត៌មានសួរគាត់ទៅ ។ ចំណែកលោកភា សុទ្ធី ដែលត្រូវជាពូលោក ហ៊ីង សាមិត្ត និងទៅជាប្រធានមណ្ឌលសុខភាពគោកធ្លក ជំនួសលោក ឈួន ស៊ីដន នោះបានឲ្យដឹង ថា លោកមកបម្រើការងារនៅមណ្ឌលសុខភាពនេះដោយសារតែភាពអសកម្មការងារ បុគ្គលិកពេទ្យ ។
តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា លោក ភា សុទ្ធី ជាពេទ្យ ដែសម្បូររឿង អាស្រូវជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយជាច្រើនតាមកន្លែងការងារពីមុនៗមកហើយដោយសារតែលោកមានខ្នងបង្អែកធំៗក្នុងមន្ទីរសុខាភិបាលខេត្តតាកែវទើបលោកធ្វើអ្វីបានតាមអំពើចិត្ត ៕
ដោយ៖ ជីសូរកា