ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល រួមជាមួយប្រធាន អនុប្រធាន បណ្តាស្ថាប័នជ៉ំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១២ នៅវិមាន ៧ មករា ។
ក្នុងឱកាសនោះ សម្តេចភក្តី សាយ ឈ៉ំ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំ គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម សិក្ខាកាម មន្ត្រីបុគ្គលិកបម្រើការងារក្នុងវគ្គទាំងអស់ ដែលបានរួមគ្នាសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះឡើង ដែលជាសមិទ្ធផលមួយថ្មីទៀត ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សយើង ។ សម្តេចបានបញ្ជាក់ថា ចំណេះដឹងដែលសិក្ខាកាមទាំងអស់ទទួលបានពីការសិក្សានេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យមើលឃើញនូវរាល់ការងារដែលយើងបានអនុវត្តកន្លងមក តើមានចំណុចណាដែលយើងអនុវត្តទៅបានត្រឹមត្រូវដែលគប្បីបន្តពង្រឹងពង្រីកឱ្យកាន់តែល្អជាងនេះទៀត ហើយមានចំណុចណាជាចំណុចខុសឆ្គងដែលយើងត្រូវខិតខំលប់បំបាត់ឱ្យបាន ។ ម្យ៉ាងវិញទៀត ចំណេះដឹងនេះក៏ជាប្រទីបបំភ្លឺផ្លូវ ឬជាត្រីវិស័យនាំយើងឱ្យអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្ស កម្មវិធីនយោបាយ មាគ៌ានយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចផ្សេងៗរបស់គណបក្ស និងច្បាប់របស់រដ្ឋ ។ តាមរយៈនេះ យើងក៏ពង្រឹង និងពង្រីកបាននូវគោលជំហរខាងនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗផងដែរ ។
សម្តេចភក្តី សាយ ឈ៉ំ បានគូសបញ្ជាក់ថា មន្រ្តីគណបក្សជាកម្លាំងដឹកនាំ ជាកម្លាំងចលករ និងជាកម្លាំងឈានមុខក្នុងការអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស ។ ដូច្នេះ ជាមន្រ្តីគណបក្សត្រូវតែមានលក្ខណសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកសមត្ថភាព ទាំងផ្នែកគុណធម៌ ។ លក្ខណសម្បត្តិទាំងនេះអាចរីកចម្រើនទៅបាន លុះត្រា តែមន្រ្តីយើងទទួលបានការបណ្តុះបណ្តាល និងការរៀនសូត្រជាប្រចាំ ការចេះទាញយកនូវបទពិសោធន៍ពីការអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ ជាពិសេសពីក្នុងចលនាមហាជន និងត្រូវមានមនសិការថែទាំពង្រឹងទស្សនៈ គោលជំហរ និងសតិអារម្មណ៍ខ្លួនជានិច្ច ។
ព្រមជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ បានធ្វើការកត់សម្គាល់ថា កត្តាដែលនាំឲ្យវគ្គអប់រំនយោបាយរបស់យើងទទួលបានលទ្ធផលល្អ គឺដោយសារ ៖
១.មានការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សរបស់គណបក្សទាំងក្នុងពេលកន្លងមក ក៏ដូចបច្ចុប្បន្ន និងតទៅអនាគត
២.ការយកចិត្តទុកដាក់របស់គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័នទាំងអស់ចំពោះការងារឃោសនាអប់រំ
៣.ការយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេសនាមគ្រប់រូប ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់សិក្ខាកាម
៤.ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូប ក្នុងការរៀនសូត្រ ការគោរពវិន័យរបស់វគ្គ ការរឹតចំណងសាមគ្គីភាពរវាងគ្នានឹងគ្នាក្នុងស្មារតីខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស
៥.ការខិតខំរបស់គណឃោសនាអប់រំគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រីបុគ្គលិកបម្រើការងារទាំងអស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន
៦.ដោយបរិយាកាសសង្គម បានបង្កលក្ខណៈឱ្យសិក្ខាកាមយើងទាំងអស់បានមករៀនដោយស្ងប់ចិត្ត ពិសេសសិក្ខាកាមដែលអញ្ជើញមកពីបណ្តាខេត្ត ៕