តំណាង​អយ្យការ​សាលាដំបូងខេត្តព្រះសីហនុ សម្រេច​ចោទប្រកាន់​ឈ្មោះ គង់ តុលា​ លើសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសរួមគំនិតក្បត់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃ​ទី២០​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា៖​ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១០៩៧ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ទាក់ទិននឹងបទល្មើស រួមគំនិតក្បត់ ដែលមានជនត្រូវចោទមានខ្លួន ឈ្មោះ គង់ តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ ប្រព្រឹត្តនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង ០០នាទីព្រឹក នៅចំណុចច្រកចូលផ្លូវល្បឿនលឿន ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សមត្ថកិច្ចជំនាញផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការត្រួតពិនិត្យ និងឆែកឆេរម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C-125 ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1M-1376 បើកបរ ដោយជនសង្ស័យម្នាក់ ឈ្មោះ គង់ តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ ក្នុងទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចធ្វើការឆែកឆេររកឃើញមាន ដបសាំងចំនួន ០៧ដបតូច (ចំណុះ ៥០០មីលីលីត្រ), ទឹកបរិសុទ្ធចំនួន ០៧ដប(ចំណុះ ៥០០មីលីលីត្រ), ប្រេងលាយសាំង ០១ដប ពណ៌ខ្មៅ, កូនកន្សែងពណ៌ស ចំនួន ០៣, ជំពាមកៅស៊ូដងដែក ០១ខ្សែ, ខ្សែជំពាមកៅស៊ូចំនួន ០៣ខ្សែ និងគ្រាប់ជំពាម ចំនួន ០៣កញ្ចប់(គ្រាប់ដែកចំនួន០១កញ្ចប់ និងគ្រាប់ជ័រចំនួន ០២កញ្ចប់)។

ចំពោះសកម្មភាពរបស់ជនជាប់ចោទខាងលើ បានឆ្លើយថា រូបគេពិតជាមានបំណងធ្វើដំណើរ ទៅកាន់ រាជធានីភ្នំពេញ ដើម្បីចូលរួមធ្វើបាតុកម្ម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ពិតមែន ដោយយកទៅជាមួយនូវ វត្ថុតាងខាងលើ ព្រោះរូបគេបានបញ្ជាក់ថា មិនពេញចិត្តនឹងគម្រោង CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។

...

បន្ទាប់ពីបានសួរចម្លើយ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនលើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print