អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នាពេលថ្មីៗកន្លងទៅនេះ “តារាងពិន្ទុ”នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះត្រូវបានប្រកាស ៖ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញមានចំនួន ២៤,៨៣ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៦,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ហើយទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានបំបែកកំណត់ត្រាថ្មីបើធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ ក្នុងបរិបទបច្ចុប្បន្នដែលភូមិសាស្ត្រនយោបាយមានហានិភ័យខ្ពស់បង្គួរនិងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលបានរងការរំខាន សមិទ្ធផលគួរឱ្យកត់សម្គាល់នេះគឺទទួលបានដោយមិនងាយទេ ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានវាយតម្លៃថា”ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនកំពុងបង្កើនល្បឿន” ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ពាណិជ្ជកម្មជាមួយបរទេសគឺជាកត្តាដ៏សំខាន់សម្រាប់វាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ។ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានភាពនឹងនរនិងនិន្នាការល្អ វាមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពធន់និងភាពរស់រវើកនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ពិភពលោកផងដែរ ។
បើមើលពីចក្ខុវិស័យវែងឆ្ងាយ ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានដើរតួនាទីជាវិជ្ជមានក្នុងការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ ពេលថ្មីៗនេះ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានដឹកនាំគណៈប្រតិភូសហគ្រិនចិនទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់អាមេរិករំពឹងទុកអាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដោយសម្គាល់ឃើញថា ពាណិជ្ជកម្មជាមួយបរទេសមិនត្រូវរងផលប៉ះពាល់ពីភូមិសាស្រ្តនយោបាយនោះទេ ។ ប្រឈមមុខនឹងការការពារនិយមដែលមានភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការបើកទូលាយចំពោះអន្តរជាតិនិង”ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច”ដើម្បីជំរុញពាណិជ្ជកម្មសកលឱ្យទទួលការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ បច្ចុប្បន្ននេះ កាលានុវត្តភាពដែលបានមកពីការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយកំពុងលេចចេញជាសន្សឹមៗ ។ កិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការរៀបចំចាត់ចែងពិសេសចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់នៃប្រព័ន្ធរពាណិជ្ជកម្មជាមួយបរទេស ។ វិធានការទាំងនេះនឹងបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។
នាពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាដើមបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះដល់លើសពី ៥ ភាគរយដែលបង្ហាញឱ្យឃើញថា ប្រទេសចិននៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកលដដែល ។ ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយចំពោះអន្តរជាតិជាបន្តបន្ទាប់ បន្តពង្រឹងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចដែលបន្តកើនឡើងនិងឆ្ពោះទៅរកភាពល្អប្រសើរដើម្បីបន្តនាំមកនូវភាគលាភកាន់តែច្រើនដល់ពិភពលោកតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងពាណិជ្ជកម្មជាមួយបរទេសដែលមានភាពធន់យ៉ាងខ្លាំងក្លា ហើយក៏ជំរុញពាណិជ្ជកម្មសកលទទួលបានការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងភាពរឹងមាំ ៕