ខេត្តតាកែវ ៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិចតា ក្នុងស្រុកបាទី ខេត្តតាកែវ ដែលសមាគមពាណិជ្ជកម្មចិនឆោសាន បានលើកឡើង នឹងស្នើសុំការគាំទ្រ និងជួយសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវ ត្រូវបាន លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង។
ក្នុងជំនួបជាមួយលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន នៅសាលាខេត្តតាកែវ នៅរសៀលថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តតាកែវ និងជួយបង្កើតការងារកាន់តែច្រើនថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត កាត់បន្ថយការធ្វើចំណាកស្រុក ជាពិសេសនឹងលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើង កាន់តែល្អប្រសើរឡើង ដូច្នេះអាជ្ញាធខេត្តនឹងជួយសម្របសម្រួលនិតិវិធីគ្រប់បែបយ៉ាងដល់អ្នកវិនិយោគទុន ដែលចូលមកវិនិយោគដោយស្របច្បាប់នៅក្នុងខេត្តតាកែវ។
នៅក្នុងឱកាសនោះ លោក វ៉ី សំណាង ក៏បានស្នើសុំឱ្យលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន បន្តជួយគៀងគរអ្នកវិនិយោគទុនឱ្យចូលមកបណ្ដាក់ទុនកាន់តែច្រើនឡើង នៅលើទឹកដីខេត្តតាកែវ ហើយអាជ្ញាធខេត្តត្រៀមខ្លួនជានិច្ច ក្នុងការជួយសម្របសម្រួល និងសហការជាមួយអ្នកវិនិយោគ។
គួរបញ្ជាក់ថា នៅក្នុងជំនួបសម្ដែងការគួរសមជាមួយ លោកអភិបាលខេត្តតាកែវ លោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន បានស្នើសុំឱ្យ លោកអភិបាលខេត្តតាកែវ ជួយសម្របសម្របសម្រួលដល់សមាគម ក្នុងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងស្រុកបាទីលើផ្ទៃដី ៣២ហិតា ហើយលោក បានសន្យាថា នឹងប្រឹងប្រែងធ្វើការគៀងគរអ្នកវិនិយោគឱ្យមកបើករោងចក្រកាន់តែច្រើនថែមទៀត នៅលើទឹកដីខេត្តតាកែវ ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនឡើង។
នៅក្នុងឱកាសនោះ តាំងនាមសមាគមពាណិជ្ជកម្មចិនឆោសាន លោកឧកញ៉ា តាំង លាក់ហាវ ក៏បានផ្ដល់អង្ករចំនួន១០ តោន ទឹកបរិសុទ្ធចំនួន ៥០០កេស និងថវិការចំនួន ១០លានរៀល ជូនដល់រដ្ឋបាលខេត្តតាកែវ សម្រាប់យកទៅប្រើប្រាស់ និងចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ដែលជួបការលំបាក៕