ខេត្តកណ្តាល៖ បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ២១B មានភាពល្អប្រសើរដោយកន្លែងរួចមកក្រុមហ៊ុនស្ថាបនាផ្លូវបានប្រើគ្រឿងចក្រជីកប្រឡាយកាត់ទទឹងផ្លូវជាងតិលេខ២១B ដើម្បីដាក់លូដោយមិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវ ជាហេតុធ្វើឲ្យម៉ូតូមួយគ្រឿងបើកធ្លាក់ចូលទៅក្នុងប្រឡាយជម្រៅប្រមាណ៣ម៉ែត្រ ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូបាក់.កស្លាប់យ៉ាងអាណោចអាធ័័ម និងអ្នករួមដំណើរជាមួយ២នាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចខាងត្បូងសឹករង ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ បន្ទាប់ពីមានហេតុការណ៍កើតឡើងគេសង្កេតឃើញវត្តមានមន្ត្រីជំនាញក្រុមហ៊ុនស្ថាបនាផ្លូវយកសម្ភារៈចុះទៅដាក់ជាស្លាកសញ្ញាគ្រាដែលនៅមុនពែលកើតហេតុមិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវផងនោះ។
គួរំឮកថា ដោយសារតែការធ្វេសប្រហែសរបស់ក្រុមមន្ត្រីជំនាញរបស់ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២១B មិនបានដាក់ស្លាកសញ្ញាត្រឹមត្រូវនៅត្រង់ចំណុចការដ្ឋាន បានបណ្តាលឲ្យបុរស២នាក់បងប្អូនជិះម៉ូតូធ្លាក់ស្លាប់ម្តងរួចមកហើយ ។ ករណីនេះកើតឡើងនៅត្រង់ចំណុចការដ្ឋានសាងសង់ស្ពានលេខ០៩ ហៅស្ពានព្រែកមេស្រុក ស្ថិតក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ អៀង អាត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ និងអ្នករួមដំណើរ២នាក់រងរបួសធ្ងន់នោះទី១-ឈ្មោះ ជា ហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំឌឹន ឃុំដើមដូង ស្រុកគីរីវង្ស ខេត្តតាកែវ និងទី២-ឈ្មោះ សូន្យ ហេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះទាំង៣នាក់ខាងលើនេះបានជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីត្បូងទៅជើង (ពីស្រុកស្អាងឆ្ពោះទៅក្រុងតាខ្មៅ) ។ លុះដល់ចំណុចកើតហេតុ ក៏ធ្លាក់ចូលទៅក្នុងប្រឡាយដែលក្រុមហ៊ុនកាយដាក់លូកាត់ទទឹងផ្លូវជាតិ បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសយ៉ាងដូច្នេះ ។ ចំពោះជនរងគ្រោះរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ក្រោយកើតហេតុនៅព្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមមន្ត្រីជំនាញក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២១B បានចុះទៅយកបង្គោល និងធុងប្រេងចងខ្សែ ដាក់ចំណាំផ្លាត នៅត្រង់ចំណុចការដ្ឋានជីកដាក់លូខាងលើនេះរួចថតរូបរាយការណ៍ជូនថ្នាក់លើផងដែរ ។
សូមបញ្ជាក់ថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមន្ត្រីជំនាញមិនបានដាក់ស្លាកសញ្ញាឲ្យបានត្រឹមត្រូវនោះទេ ពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ទើបនាំគ្នាចុះទៅដាក់ស្លាកសញ្ញា ករណីនេះមិនខុសពីពាក្យគេតែងពោលថា “ចោរលួចគោទៅបាត់ទើបធ្វើរបង” ៕
ដោយ៖ ស្អាងជ័យ