ខេត្តកោះកុង៖ លោកអធិការរងស្រុកគិរីសាគរមួយរូបបាញ់កំដរដៃចំនួន ៤គ្រាប់ ក្នុងពេលផឹកស៊ីជួបជុំគ្នានៅអាហារដ្ឋានមួយកន្លែងស្ថិតនៅទំនប់ទឹកអូរជើងស៊ន ភូមិពាមកាយ ឃុំកោះស្តេច កាលពីយប់វេលាម៉ោង១៩ និង៣០ នាទីថ្ងៃទី១៧ ខែសីហា កន្លងទៅថ្មីៗនេះ ត្រូវបានស្នងការខេត្តកោះកុង កំពុងអនុវត្តនីតិវិធីលើសំណុំ រឿងលើដែលជាអ្នកប្រព្រឹត្តសកម្មភាពនោះ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ងឿងឆ្ងល់ថា លោកអធិការរងស្រុកគិរីសាគរម្នាក់នេះ ម្តេចមិនទៅចូលរួមអំឡុងពេលមានការយកចិត្តទុកដាក់ លើវិធានការថែ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ បែរជាមកជួបជុំផឹកស៊ី បាញ់បោះបែបអាណាធិបតេយ្យទៅវិញ។
លោក ស សារ៉ាត់ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត កោះកុង បញ្ជាក់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះថា លោកវរៈសេនីយ៍ទោ ហ៊ឹម សារ៉ន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ កំពុងត្រូវបានសួរ ចម្លើយ ប្រមូលភស្តុតាងនិងអនុវត្តនីតិវិធីច្បាប់ ក្រោយ ពីធ្វើសកម្មភាពផឹកស៊ីជួបជុំគ្នានៅអាហារដ្ឋានមួយកន្លែងស្ថិតនៅទំនប់ ទឹកអូរជើងស៊ន ភូមិពាមកាយ ឃុំកោះស្តេច កាលពីយប់ម៉ោង១៩ និង ៣០នាទីថ្ងៃទី១៧ ខែសីហា កន្លងទៅ។
លោកស្នងការរងបន្តថា ជនសង្ស័យដែលមានតួនាទីជាអធិការរងស្រុកឈ្មោះ ហ៊ឹម សារ៉ន ក៏បានឆ្លើយសារភាពផងដែរថា ខ្លួនពិតជាបានបាញ់ចំនួន៤ គ្រាប់ ប្រាកដមែន ដោយសារតែផឹកស្រាស្រវឹងបាត់បង់ស្មារតី និងពុំមានទំនាស់អ្វីជាមួយអ្នកជួបជុំគ្នាឡើយ ហើយក៏ចំពេលដែលជាថ្ងៃខួបកំណើតរបស់ខ្លួនផងដែរ។
ទោះជាយ៉ាងណា លោកស្នងការរងនគរបាលខេត្តបានសុំគោលការណ៍ពីថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ហើយថែមទាំងបានចាត់កម្លាំងជំនាញ ចុះស៊ើប អង្កេតនៅទីតាំងកើតហេតុជាថ្មីម្តងទៀត។
គួរកត់សម្គាល់ថា សកម្មភាពផឹកស៊ីបាញ់បោះសេរី ដោយសារអំណាចឥទ្ធិពលគ្រឿងស្រវឹងរបស់លោកឈ្មោះហ៊ឹម សារ៉ន គឺចំពេលដែលរដ្ឋាភិបាលបានពង្រឹងសន្តិសុខកម្រិតខ្ពស់នៅ ថ្ងៃទី១៧ និង១៨ខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីក្រុមជ្រុលនិយមមួយចំនួនតូច បានបង្កើតគ្រុប telegram និងគ្រុបផ្សេងៗទៀតក្នុងបណ្តាញសង្គម ដើម្បីកៀរគរគ្នាចូលរួមធ្វើបាតុកម្មក្នុង គោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
អំឡុងពេលនោះហើយ ដែលកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកោះកុង ក៏ដូចជា ទូទាំងប្រទេស ត្រៀមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់បក្ខពួក ជ្រុលនិយមទាំង នោះដែលបានចាញ់បោកឃោសរបស់ពួកប្រឆាំងដែលរស់នៅក្រៅស្រុក។ ប៉ុន្តែបែរលោកអធិការរងនគរបាលស្រុកគិរីសាគរ ខាងលើ យកពេលវេលាទៅជួបជុំគ្នាផឹក ស៊ីសប្បាយបាត់ម្ចាស់ការចំពោះបទបញ្ជាតួនាទីភារកិច្ចរបស់ខ្លួន។
ប្រភពពីកន្លែងកើតហេតុមួយចំនួន បង្ហាញថា លោកហ៊ឹម សារ៉ន បានអង្គុយផឹកស៊ីមានគ្នា ៤នាក់ ក្នុងនោះក៏មានជនជាតិចិនផងដែរ តែមិនដឹងជាមានរឿងអ្វី ស្រាប់ តែលោកហ៊ឹម សារ៉ន បានដកកាំភ្លើងម៉ាកឡុកបាញ់ ឡើងទៅលើចំនួន ៤គ្រាប់ ហើយដើរបែបច្រងេងច្រង៉ាងពេញហាង ដោយមិនតក់ស្លត់មិនភ័យខ្លាចអ្វីទាំងអស់៕