ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំងពីរនាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុងក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហាឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ ២១៨ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមួយក្រុមឈ្មោះ JHចិត្តហ៊ាន មានគ្នាចំនួន០៦នាក់ ជិះម៉ូតូចំនួន០៤គ្រឿង បានធ្វើសកម្មភាពធាក់ទៅលើជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូ ហើយ ក្រុមក្មេងទំនើងខាងលើនាំគ្នាយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះបន្ថែមទៀតបណ្តាលឱ្យសន្លប់បាត់ស្មារតី នៅចំណុចផ្លូវបេតុង ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាគេចខ្លួនអស់។ លុះនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះ និងបងប្រុសបានជិះម៉ូតូចេញពីផ្ទះមកដល់ចំណុចផ្លូវបេតុង ច្រកចូលបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យម្នាក់ឈ្មោះ តន់ ដារ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ និងមិត្តភ័ក្ត្រម្នាក់ទៀត ទើបជនេងគ្រោះបានឃាត់ខ្លួនជនសង្ស័យនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ន៍នគរបាលរដ្ឋ បាលចោមចៅទី១ និងដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យតែម្តង។ រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជនរងគ្រោះក៏ បានឃើញជនសង្ស័យម្នាក់ទៀតឈ្មោះ ប៊ុត ពេជ្រពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ កំពុងជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ទឹកប៉ិច ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1AF-8824 តាមបណ្តោយមហាវិថីចោមចៅហៅផ្លូវវេងស្រេង ទើបជនរងគ្រោះបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយម៉ូតូចំនួន ០១ គ្រឿង នាំយកមកប្រគល់ឱ្យសមត្ថកិច្ច ដើម្បីសាកសួរតែម្តង។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា