ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំងពីរនាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចតាមបណ្តោយផ្លូវ សបិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ ២១៧ នៃក្រមព្រហ្មទណ្ឌ ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងពីរក្រុមមានឈ្មួ ក្រុមមានឈ្មោះ CK កាហ្វេ កុងតាខ្មៅ មានគ្នាចំនួនប្រហែល៣០នាក់ ជិះម៉ូតូចំនួន ២០ គ្រឿង និងមួយក្រុមទៀតមានឈ្មោះ BKK បឹងកេងកង មានគ្នា ចំនួន០៦នាក់ ជិះម៉ូតូចំនួន ០៣ គ្រឿង បានធ្វើសកម្មភាពដេញវាយគ្នានៅតាមបណ្តោយផ្លូវ សបិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឃើញដូចនេះកម្លាំងសមត្ថ កិច្ចដែលកំពុងល្បាតក្នុងមូលដ្ឋានខាងលើក៏បានធ្វើការជិះម៉ូតូដេញតាមចាប់ក្រុមក្មេងទំនើងខាងលើ លុះមកដល់ចំណុច ក្រោយវត្តស្វាយពពែ ផ្លូវលេខ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២នាក់ ១.ឈ្មោះ វាសនាស៊ីថា ភេទប្រុស អាយុ ១៦ឆ្នាំ និងឈ្មោះ វ៉ាន់ សុភព ភេទប្រុស អាយុ១៤ឆ្នាំ រួមជាមួយម៉ូតូ ចំនួន ០១ គ្រឿងម៉ាក HONDA សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KW-7447 នាំយកមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវីធីតែម្តង។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា