នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​៖​ រហូតដល់ថ្ងៃទី២៦ ខែសីហា​នេះ មិនទាន់រកឃេីញករណីជំងឺ​ អឹមផក​ (mpox) ប្រភេទថ្មី​ Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ​

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃក្រសួងសុខាភិបាលកម្ពុជា​ បានឱ្យដឹងថា​ គិតត្រឹម​រហូតដល់ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០២៤​,​ នាយកដ្ឋាន​ មិនទាន់រកឃេីញករណីជំងឺ​ អឹមផក​ (mpox) ប្រភេទថ្មី​ Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ​។

បច្ចុប្បន្ន​នាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន​ ចេញ-ចូល​ ទាំងអស់​ និងទូទាំងផ្ទៃប្រទេស​ ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ​ ១១៥​ បេីជួបករណីសង្ស័យ​ អឹមផក​ ។

#សូមបញ្ជាក់ថា​ ចាប់ពីឆ្នាំ២០២៣​ ដល់​ឆ្នាំ២០២៤​ នាយកដ្ឋានធ្លាប់បានរកឃេីញជំងឺអឹមផកប្រភេទចាស់​ (Clade 2) ចំនួន២០​ករណី​ សុទ្ធតែភេទប្រុស​ និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បេីយទាំងអស់​ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ ១១៥។

ជាមួយគ្នានេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ បានបន្តថា​​ តើជំងឺអ៊ីមផក(Mpox)​ ឆ្លងតាមរបៀបណា?

១- តាមការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអ៊ីមផក និង ការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកមាត់ តំណក់តូចៗតាមផ្លូវដង្ហើមរបស់អ្នកជំងឺអឹមផក។

២- ឆ្លងតាមរយៈការប្រើប្រាស់សម្ភារដែលប្រឡាក់ប្រឡូក ជាមួយនឹងវីរុសអុតស្វា រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។

៣- វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះពាល់ផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយ មានជំងឺអឹមផក។

ដោយឡែក​វិធានការបង្ការការចម្លងជំងឺអឹមផក (Mpox)​ មានដូច​ខាងក្រោមនេះ​៖

-ប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន

-ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក

-ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពួកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអឹមផកប្រើប្រាស់

-ចៀសវាងការប៉ះពាល់ផ្ទាល់ ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវ តាមមាត់របស់អ្នកជំងឺអឹមផក

-លាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ដែលលាងដៃ ឬអាល់កុលលាងដៃ

-បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរ ជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា

-បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអ៊ីមផកត្រូវការពារខ្លួន ដោយពាក់ម៉ាស់ លាងដៃ ពេលប៉ះពាល់ជាមួយអ្នកជំងឺ

...

-បុគ្គលដែលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print