ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា គិតត្រឹមរហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤, នាយកដ្ឋាន មិនទាន់រកឃេីញករណីជំងឺ អឹមផក (mpox) ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ។
បច្ចុប្បន្ននាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន ចេញ-ចូល ទាំងអស់ និងទូទាំងផ្ទៃប្រទេស ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ ១១៥ បេីជួបករណីសង្ស័យ អឹមផក ។
#សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នាយកដ្ឋានធ្លាប់បានរកឃេីញជំងឺអឹមផកប្រភេទចាស់ (Clade 2) ចំនួន២០ករណី សុទ្ធតែភេទប្រុស និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បេីយទាំងអស់ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥។
ជាមួយគ្នានេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបន្តថា តើជំងឺអ៊ីមផក(Mpox) ឆ្លងតាមរបៀបណា?
១- តាមការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអ៊ីមផក និង ការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកមាត់ តំណក់តូចៗតាមផ្លូវដង្ហើមរបស់អ្នកជំងឺអឹមផក។
២- ឆ្លងតាមរយៈការប្រើប្រាស់សម្ភារដែលប្រឡាក់ប្រឡូក ជាមួយនឹងវីរុសអុតស្វា រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។
៣- វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈ ការប៉ះពាល់ផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយ មានជំងឺអឹមផក។
ដោយឡែកវិធានការបង្ការការចម្លងជំងឺអឹមផក (Mpox) មានដូចខាងក្រោមនេះ៖
-ប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន
-ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក
-ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពួកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអឹមផកប្រើប្រាស់
-ចៀសវាងការប៉ះពាល់ផ្ទាល់ ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវ តាមមាត់របស់អ្នកជំងឺអឹមផក
-លាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ដែលលាងដៃ ឬអាល់កុលលាងដៃ
-បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអឹមផក ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរ ជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា
-បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអ៊ីមផកត្រូវការពារខ្លួន ដោយពាក់ម៉ាស់ លាងដៃ ពេលប៉ះពាល់ជាមួយអ្នកជំងឺ
-បុគ្គលដែលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕ដោយ៖តារា