ភ្នំពេញ៖ រថយន្តដឹកទំនិញជាច្រើនគ្រឿងដែលបង្កការកកស្ទះចរចរណ៍ និងរំខានដល់ការស្ថាបនាផ្លូវជាតិលេខ១ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៍ក្តៅចុះចាប់ប្រមូលទុកម្តុំដើម្បីអោយម្ចាស់ធ្វើកិច្ចសន្យានិងផាកពិន័យព្រោះរថយន្តដឹកទំនិញធន់ធំទាំងអស់នេះបើកបរល្មើសបំរាមរបស់សាលារាជធានីភ្នំពេញ បើកឆ្លងកាត់កំណាត់ផ្លូវហាមឃាត់ ។
យុទ្ធនាការចុះបង្ក្រាបរថយន្តដឹកទំនិញធុនធំបើកឆ្លងកាត់តំបន់ហាមឃាត់ខុសម៉ោងនេះបានធ្វើឡើងនៅវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ តំបន់ការដ្ឋានស្ថាបនាផ្លូវ ដឹកនាំដោយលោករស់ សុភ័ក្រ អភិបាលរងតំណាងលោកអភិបាលខណ្ឌ ។ ក្នុងនោះរថយន្តដឹកទំនិញធុនធំជាច្រើនគ្រឿងត្រូវបានចាប់ប្រមូលទុកនៅសាលាខណ្ឌច្បារអំពៅដើម្បីអោយម្ចាស់ធ្វើកិច្ចសន្យានិងត្រួតពិនិត្យឯកសាររថយន្ត ។
អ្វីដែលជាការកត់សម្គាល់បន្ទាប់ពីអាជ្ញាធរខណ្ឌចាប់រថយន្តដឹកទំនិញបើកឆ្លងកាត់តំបន់ហាមឃាត់រួចមក ស្រាប់តែមានលោកអធិការខណ្ឌ១រូបដែលប៉ាវផ្លូវ ប្រើមន្ត្រីរបស់ខ្លួនអោយចូលទៅសម្របសម្រួល និងអ្នកធំ ចេញមុខមកអន្តរាគមន៍ដោយមិនចេះអៀនខ្មាស់ចំពោះទង្វើបំពានសារាចរណ៍ណែនាំនោះឡើយ…ការចេញមុខយកតួនាទីនិងឥទ្ធិពលមកអន្តរាគមន៍សុំយករថយន្តទៅវិញនេះបានធ្វើអោយអាជ្ញាធរខណ្ឌសម្រេចចិត្តដោះស្រាយទាំងទើសទាល់…. ។
លោករស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា ដោយពិនិត្យឃើញមានរថយន្តដឹកទំនិញធុនធំជាច្រើនគ្រឿងបើកឆ្លងកាត់កំណាត់ផ្លូវកំពុងស្ថាបនាបង្កអោយមានការកកស្ទះចរាចររំខានដល់ក្រុមការងារស្ថាបនាផ្លូវជាតិលេខ១ ជាពិសេសល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញ លោកអភិបាលរាជធានីភ្នំពេញនិងលោកអភិបាលខណ្ឌបានណែនាំអោយលោកដឹកនាំកម្លាំងចុះចាប់រថយន្តដឹកទំនិញធន់ធំទាំងអស់ដែលបើកបរឆ្លងកាត់កំណាត់ផ្លូវជាតិកំពុងតែស្ថាបនា…។ កន្លងមកគណៈបញ្ជាការឯកភាពខណ្ឌបានចុះចាប់រថយន្តដឹកទំនិញធន់ធំ៣-៤ដងរួចមកហើយនិងបានធ្វើការណែនាំអោយអ្នកបើកបររថយន្តដឹកទំនិញធន់ធំទាំងអស់អោយអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញ គឺហាមរថយន្តធន់ធំចាប់ចំណុះ៥តោនឡើងទៅមិនអោយបើកបរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១ដែលកំពុងស្ថាបនាចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់….ពេលរសៀលចាប់ពីម៉ោង២រហូតដល់ម៉ោង៥ល្ងាច…. ដើម្បីកុំអោយស្ទះចរាចរនិងរំខានដល់ក្រុមការងារស្ថាបនាផ្លូវ ដោយតម្រូវអោយម្ចាស់រថយន្តទាំងអស់បង្វែទិសដៅធ្វើចរាចរ….។
លោកអភិបាលរងខណ្ឌបន្តថា បន្ទាប់ពីគណៈបញ្ជាការឯកភាពខណ្ឌចុះចាប់រថយន្តធន់ធំនិងធ្វើការណែនាំអ្នកបើកបររួចមក ម្ចាស់រថយន្តទាំងអស់បានចួលរួមអនុវត្តតាមការណែនាំ…ប៉ុន្តែនៅមានម្ចាស់រថយន្តមួយចំនួនទៀតមិនអនុវត្តតាមនោះឡើយ…ពោលគឺបំពានការណែនាំរបស់សាលារាជធានីភ្នំពេញ..ទើបគណៈបញ្ជាការឯកភាពខណ្ឌចុះចាប់រថយន្តដឹកទំនិញធន់ធំបានជាច្រើនគ្រឿង ។ យុទ្ធនាការថ្មីនេះតម្រូវអោយម្ចាស់រថយន្តទាំងអស់ធ្វើកិច្ចសន្យាហាមបើកបរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១កំពុងស្ថាបនាតាមម៉ោងពេលដែលបានកំណត់….ចំពោះរថយន្តដឹកដី ដឹកខ្សាច់ត្រូវតែគ្រប….ដោយឡែករថយន្តដឹកទំនិញផ្សេងៗទៀតត្រូវមានលក្ខណៈសម្បត្តិត្រឹមត្រូវស្របទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក.។
ជាចុងក្រោយលោកអភិបាលរង ខណ្ឌបានស្នើអោយមន្ត្រីមាន អំណាចមួយចំនួន ” សូមបញ្ឈប់វប្បធម៍អន្តរាគមន៍ ” បើនៅតែប្រើឥទ្ធិពលនិងអំណាចរបស់ខ្លួនមកអន្តរាគមន៍សុំអោយយករថយន្តល្មើសទៅវិញនោះ….មានន័យថា អស់លោកកំពុងតែយកអំណាចរបស់ខ្លួនមកប្រព្រត្តិបទល្មើសហើយ…អ្នកដែលទទួលរងនូវការរិះគន់ពីមហាជនគឺអាជ្ញាធរខណ្ឌដែលជាម្ចាស់មូលដ្ឋាន…ដូច្នេះសូម ” បញ្ឈប់វប្បធម៍អន្តរាគមន៍ ” ទៅ….៕
ដោយ៖ សណ្តោស