ភ្នំពេញ៖ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងនៃអធិការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រតិបត្ដិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងឱកាសដ៍ក្រៀមក្រំនេះអធិការដ្ឋានគរបាលខណ្ឌទួលគោក បាននាំយកនូវបច្ច័យចូលរួមពិធីបុណ្យចំនួន ២.០០០.០០០រៀល និងសូមសម្តែងនូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបជូនថា លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាពកាលពីថ្ងៃ ព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕ដោយ៖តារា