ខេត្តបន្ទាយមានជ័យ៖ រថយន្តកាមរី១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2E-0112 ដឹកផ្ទុកសាច់មាន់ ឆ្អឹងមាន់ និងកាពិជាង១តោន ខូចគុណភាពដែលហាមឃាត់ខុសច្បាប់ឈ្មួញនាំពីព្រទេសថៃ ហើយបម្រុងយកមកលក់ចែកចាយនៅខេត្តសៀមរាប រងការចាប់ពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤ និង៣០នាទីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចស្ពានទី២ បឹងឈូក ភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈដែលរថយន្តកាមរីដឹកបទល្មើសនោះធ្វើដំណើរចេញពីក្រុងប៉ោយប៉ែតឆ្លងកាត់ទីរួមខេត្តបន្ទាយមានជ័យដើម្បីឆ្ពោះទៅខេត្តសៀមរាប។
ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនោះដែរ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តម្នាក់ ឈ្មោះ ប៊ុន បូវិបុល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចាប់រថយន្តកាមរីដឹកផ្ទុកទំនិញម្ហូបអាហារហាមឃាត់ខុសច្បាប់ត្រូវគេមើលឃើញថាអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវីធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ ដើម្បីចូលរួមបង្ការទប់ស្កាត់នូវការនាំចូលទំនិញខូចគុណភាព និងគ្មានសុវត្ថិភាព ពីប្រទេសថៃចូលមកប្រទេសកម្ពុជា ដើម្បីកាត់បន្ថយ បញ្ហាគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋ។ គ្រាដែលប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភបញ្ហាទំនិញម្ហូបអាហារគ្មានសុវត្ថិភាព និងទំនិញលាយផ្សំពីសារធាតុគីមី បង្កប៉ះពាល់គ្រោះថ្នាក់សុខភាពធ្ងន់ ។ ឈ្មួញខិលខូចមិនគិតពីសុខភាពអ្នកដទៃ ដើម្បីផលចំណេញនិងប្រយោជន៍ខ្លួនឯង ទោះបីនាំចូលទំនិញ ឬលក់ទំនិញបង្កគ្រោះថ្នាក់យ៉ាងណាក៏គេមិនខ្វល់នោះដែរ។
នៅក្នុងរថយន្តកាមរីសមត្ថកិច្ចត្រួតពិនិត្យរកឃើញសាច់មាន់ ឆ្អឹងមាន់ ច្រកក្នុងថង់ក្លិនស្អុយជាង១តោន និងកាពិ១០ធុងតូច។
បើតាមចម្លើយសារភាពពីអ្នកបើករថយន្ត ថារូបគេបានរកស៊ីដឹកសាច់មាន់ និងឆ្អឹងមាន់៤លើកមកហើយ ។ សាច់មាន់ ឆ្អឹងមាន់ទាំងនោះគេថាយកឱ្យក្រពើស៊ីនៅខេត្តសៀមរាប។ ក៏ប៉ុន្តែទោះបីអ្នកបើករថយន្តនោះឆ្លើយសារភាពបែបនោះក្តីសត្ថកិច្ចយោងតាមការដឹកផ្ទុកដឹកជញ្ជូនសាច់មាន់ ឆ្អឹងមាន់ គ្មានការអនុញ្ញាតច្បាប់ និងដើម្បីបញ្ចៀសបញ្ហាផលប៉ះពាល់ សមត្ថកិច្ចបានដកហូតសាច់មាន់ឆ្អឹងមាន់រួមនឹងកាពិទាំងនោះ ដើម្បីដុតកំទេចចោលនៅរសៀលថ្ងៃដដែលនេះតែម្តង៕
ដោយ៖ សំ វិច្ឆិកា