ភ្នំពេញ៖ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ចំនួន៣ខ្សែ ប្រវែងសរុប ១១៣៦,៥ម៉ែត្រ ស្ថិតក្នុងសង្កាត់៣ គឺសង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់ដង្កោ។
...
លោក អភិបាលខណ្ឌ បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងការបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន៣ខ្សែ នាពេលនេះ គឺបានបង្ហាញអំពីការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីបន្ថែមទៀត ក្នុងមូលដ្ឋានយើង។ តាមរយៈផ្លូវបេតុងថ្មីដែលបើកការដ្ឋានស្ថាបនានាពេលនេះ គឺជាសមិទ្ធផលថ្មីដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត និងកាត់បន្ថយការប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ និងសូមជួយតាមដាន និងរាយការណ៍អំពីការស្ថាបនាផ្លូវនេះ ដើម្បីជាប្រយោជន៍របស់បងប្អូន ដែលជាអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់។ លោកអភិបាលក៏បានណែនាំដល់ក្រុមហ៊ុនដែលទទួលស្ថាបនាផ្លូវ សូមអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធ្វើឲ្យបានរហ័ស ដើម្បីដាក់ជូនប្រជាពលរដ្ឋបានប្រើប្រាស់។
ផ្លូវចំនួន៣ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងពេលនេះ គឺជាផ្លូវបេតុងស្ថិតក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦ រួមមាន៖
– សង្កាត់ជើងឯក មានប្រវែង ៣៣៣ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង
– សង្កាត់ព្រែកកំពឹស មានប្រវែង ៣៤៦ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងស្វាយ
– សង្កាត់ដង្កោ មានប្រវែង ៤៥៧,៥ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិខ្វា៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...