ខេត្តកំពង់ឆ្នាំង៖ កូនខ្ទមដែលជាជម្រកដ៏សំខាន់របស់ស្ត្រីមេម៉ាយដែលកំពុងចិញ្ចឹមកូន២នាក់និងចៅ២នាក់នៅក្នុងបន្ទុកត្រូវបានភ្លើងឆេះខ្ទេចគ្មានសល់អ្វីនោះទេ កាលពីវេលាម៉ោង១២និង៣០នាទីយប់កណ្តាលអធ្រាតឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នៅឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ស្រ្តីមេម៉ាយដែលត្រូវភ្លើងឆេះខ្ទមកម្សត់នេះមានឈ្មោះ ឆេង ភាជ អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានរៀបរាប់ឲ្យដឹងថា កាលពីល្ងាច គឺរូបគាត់មិនបានដាំបាយហូបនោះទេ គឺទៅហូបបាយនៅផ្ទះអ្នកជិតខាង លុះដល់ត្រឡប់មកវិញនាំកូនចៅចូលដេកធម្មតាស្រាប់តែដល់ពេលកើតហេតុក៏ធំក្លិនឆ្ងៀមផ្សែង ពេលក្រោកមកក៏ស្រាប់តែឃើញឆេះខ្លាំងបាត់ទៅហើយ រួចបាននាំកូននិងចៅរត់ចេពីក្នុងខ្ទមស្រែកឲ្យអ្នកស្រុកជួយក៏ជួយមិនទាន់ត្រូវភ្លើងឆេះអស់រលីងតែម្តង ។
ស្រ្តីរូបនេះបានរៀបរាប់ថា គាត់រាល់ថ្ងៃគឺទីទ័លក្រខ្លាំងណាស់ ពុំមានដីនៅនោះទេ គឺសុំដីគេសង់ខ្ទមនៅ ហើយឥឡូវត្រូវភ្លើងឆេះអស់ទៀត មិនដឹងទៅរកអ្វីនោះទេ មានតែម្រាមដៃ១០ លើកសុំសណ្តោសដល់អ្នកសប្បុរសជនជន និង កាកបាទក្រហមកម្ពុជា មេត្តាជួយរូបគាត់ផងព្រោះថា នៅពេលនេះមិនដឹងបានអ្វីជាទីពឹងនោះទេ ភ្លើងបានឆេះអស់ទ្រព្យរបស់ ដែលមានបន្តិចបន្តួច ពិសេសកង់មួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើរសម្រាប់ឌុបចៅ និងកូននោះ ហើយសម្រាប់រករបរទទួលទានផងដែរ ៕
ដោយ៖ ចន្ថា