ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន អនុព័ន្ធយោធាបង់ក្លាដេសប្រចាំកម្ពុជា និង វរសេនីយ៍ឯក ណាមូស សាដាត ប្រធានប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែស ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការ។
ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សន្តិភាពពេញលេញដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៦ឆ្នាំ ព្រមទាំងជោគជ័យនៃព្រឹត្តិការណ៍ធំៗដែលសម្រេចបាន រួមមាន: ការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០.៤១ ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ការបោះឆ្នោតជាតិ និងការរៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា បង់ក្លាដែស ដែលបានភ្ជាប់ចំណងការទូតជាមួយគ្នាតាំងពី១៩៧៣ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ
ត្រូវបានបន្តពង្រឹងពង្រីក និងលើកកម្ពស់ជាច្រើនវិស័យ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ពិសេសការនាំចេញអង្ករពីកម្ពុជាទៅបង់ក្លាដេស។
ដោយឡែកលើវិស័យយោធា នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាលំដាប់ ដោយក្រុមការងាររបស់ក្រសួងការពារជាតិនៃប្រទេសនីមួយៗ កំពុងពិភាក្សា និងរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ។
នាយឧត្តមសេនីយ៍ បន្តថា កន្លងមកកងទ័ពបង់ក្លាដេសក៏ធ្លាប់បានបញ្ជូនសិក្ខាកាមមកចូលរួមវគ្គហ្វឹកហ្វឺនគ្រូបង្គោលបច្ចេកទេសដោះមីននៅកម្ពុជា និងបានថ្លែងអំណរគុណដល់កងទ័ពបង់ក្លាដេស ដែលបានយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការទទួលយកសិក្ខាកាមទៅសិក្សាវគ្គបញ្ជាការសេនាធិការនៅប្រទេសបង់ក្លាដែស។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជំរុញឲ្យកងទ័ពប្រទេសទាំងពីរបន្តពង្រឹងពង្រីកសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្លាស់ប្ដូរពត៌មានឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន ជាដើម។
ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការអនុញ្ញាតឲ្យប្រតិភូមហាវិទ្យាល័យបញ្ជាការសេនាធិការបង់ក្លាដែសចូលជួបសម្ដែងការគួរសម និងបានថ្លែងអំណរគុណអគ្គមេបញ្ជាការដែលបានផ្ដល់ព័ត៌មានស្តីពីសភាពការណ៍នៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
ឧត្តមសេនីយ៍ត្រី អឹមឌី អាហ្វតាប ហូសេន បានបញ្ជាក់ថា កម្ពុជានិងបង់ក្លាដែស នៅលើវិស័យយោធា មានផ្នែកជាច្រើនដែលអាចសហការជាមួយគ្នាបាន ដោយសង្ឃឹមថានៅពេលអនាគតប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងនេះឲ្យកាន់តែល្អប្រសើរថែមទៀត។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានវាយតម្លៃខ្ពស់ចំពោះមហាវិទ្យាល័យបញ្ជាការសេនាធិការកងទ័ពបង់ក្លាដែស ដែលបានទទួលសិក្ខាកាមជាច្រើនប្រទេសឲ្យចូលរៀន ដោយ នាយសេនីយ៍ បានស្នើដល់កងទ័ពបង់ក្លាដែស ដើម្បីផ្តល់ឲ្យវិទ្យាស្ថានបញ្ជាការសេនាធិការកម្ពុជា បានទៅធ្វើទស្សនកិច្ច ដកបទពិសោធន៍៕