ស្លាប់កើនឡើង 36 នាក់ដោយគ្រោះទឹកជំនន់នៅមីយ៉ាន់ម៉ា

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានផ្សាយថា មនុស្សយ៉ាងហោច36នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កជាគ្រោះទឹកជំនន់ នៅក្នុងនិងជុំវិញ រដ្ឋធានីណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមអ្នកសង្រ្គោះ បាននិងកំពុងព្យាយាមជម្លៀសមនុស្សប្រហែល ៣,៦០០នាក់ តាមទូកនៅកាន់កន្លែងសុវត្ថិភាព។

អាជ្ញាធរមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សចំនួន៣,៦០២នាក់ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ នៅទីតាំងសរុប៣០កន្លែង ត្រូវបានជួយសង្រ្គោះ និងកំពុងជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ហើយមនុស្ស36នាក់ បានស្លាប់។ តំបន់មានផ្ទៃក្រឡាប្រហែល១៦២គីឡូម៉ែត្រក្រឡា នៅជុំវិញទីក្រុងណៃពិដោ ត្រូវបានជន់លិច គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈប្រហែល៣៦៦ គីឡូម៉ែត្រក្រឡាទៀត នៅជុំវិញ Mandalay ដែលជាទីក្រុងធំលំដាប់ទី២ របស់មីយ៉ាន់ម៉ា ក៏ស្ថិតក្រោមផ្ទៃទឹក ផងដែរ។
មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ហើយអំពើហិង្សា បាននិងកំពុងផ្ទុះរាលដាល នៅផ្នែកជាច្រើននៃប្រទេសអាស៊ានមួយនេះ។ ប្រហែលជា១ភាគ៣ នៃប្រជាជន៥៥លាននាក់ នៅមីយ៉ាន់ម៉ា គឺត្រូវការជំនួយមនុស្សធម៌ ប៉ុន្តែទីភ្នាក់ងារផ្តល់ជំនួយជាច្រើន ដូចជាអង្គការកាកបាទក្រហម ជាដើម មិនអាចធ្វើការបានឡើយ នៅតាមតំបន់ភាគច្រើន ដោយសារតែការរឹតត្បិតការចេញចូល និងហានិភ័យផ្នែកសន្តិសុខ។
ស្ថានភាពអាកាសធាតុអាក្រក់ ដែលបង្កឡើងដោយព្យុះទីហ្វុងឈ្មោះ Yagi ជាព្យុះកំណាចបំផុត ដែលវាយប្រហារតំបន់អាស៉ីក្នុងឆ្នាំនេះ បានសម្លាប់មនុស្សជាង២២០នាក់ នៅវៀតណាម និងប៉ុន្មាននាក់ទៀត នៅឯប្រទេសថៃ ហើយបង្កការជន់លិចធ្ងន់ធ្ងរ នៅប្រទេសទាំងពីរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print