ភ្នំពេញ៖ សាច់មាន់ ជង្គង់ ថ្លើម ខូចគុណភាពប្រហែល១តោនដែលកម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃធ្វើការស្រាជ្រាវ និងចាប់រឹបអូសដកហូតបានពីឈ្មួញនាំចូលពីវៀតណាមនៅលើកំណាត់ផ្លូវជាតិ១ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនោះ ត្រូវបានដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅទីលានចាក់សំរាម សិ្ថតនៅភូមបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ានី អនុប្រធាននាយកដ្ឋានបានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់លោក ក្រុមប្រតិបតិ្តការរាជធានីភ្នំពេញបានចុះបង្រ្កាបជាក់ស្តែងនូវសាច់មាន់ចិញ្ចឹម និងគ្រឿងក្នុងមាន់មាន ថ្លើម កោះ គ្រលៀន នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន បានប្រហែល១តោន។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ម៉ានី បញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវកម្លាំងជំនាញរបស់នាយកដ្ឋានបានដឹងថា សាច់មាន់ខូចគុណភាពទាំងនេះគឺឈ្មួញបាននាំចូលពីប្រទេសវៀតណាមតាមផ្លូវជាតិលេខ១ ហើយយើងក៏បានចាប់ដកហូតតែម្តង។ សាច់មាន់ខូចគុណភាពនេះផងដែរគឺឈ្មួញយកទៅចែកចាយលក់នៅផ្សារខ្លះ និងជាពិសេសគេបោះតាមហាងលក់គ្រឿងក្លែម។ ដោយឡែកក្នុងប្រតិបតិ្តការដកហូតរឹបអូសសាច់ខូចគុណភាពនេះក៏មានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញហើយក្រោយការដកហូតពីឈ្មួញទើបនៅព្រឹកថ្ងៃទី៦សីហានេះ យើងក៏នាំយកមកដុតកម្ទេចចោលនៅទីលានចាក់សំរាមនេះតែម្តង។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រីក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចូលចិត្តបរិភោគសាច់មាន់ គ្រឿងក្នុងមាន់ត្រូវមានការប្រុងប្រយ័ត្ន ព្រោះថា សាច់ដែលនាំចូលពីបរទេសភាគច្រើនគេដាក់ថ្នាំគីមី ម្យ៉ាងធ្វើឲ្យសាច់នោះនៅស្រស់ ហើយជាតិថ្នាំនេះ នៅពេលវាហូរទៅលើឥតយើងមិនងាយដុសខាត់ឲ្យជ្រះនោះទេ។ លោកក៏បានអំពាវនាវដល់ឈ្មួញដែលប្រកបរបរនាំចូលសាច់ខូចគុណភាពគ្រប់យ៉ាងឲ្យបញ្ឈប់បន្ទាន់ ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនៅតែបន្តបង្ក្រាបឲ្យដូចភ្លៀងរលឹម៕
ដោយ៖ តាឡឹម