ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងអំពីការធ្វើដំណើរដោយឥតបង់ថ្លៃរយៈពេល៥ថ្ងៃតាមរថយន្តដឹកជញ្ជូនសាធារណៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ពីរាជធានីភ្នំពេញ ទៅតាមគោលដៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ ទៅរាជធានីភ្នំពេញ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដោយឥតបង់ថ្លៃសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុង រដ្ឋបាលរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំរថយន្តចំនួន១២គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកខេត្តស្វាយរៀងនិងការដឹកជញ្ជូនពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចជា១.គោលដៅខ្សែរត់ចំនួនរថយន្តពេលវេលាក្រុងបាវិត៖
ក្រុងស្វាយរៀង-ប្រសូតិ-ជីភូ- បាវិត-ក្រុងស្វាយរៀង
ចំនួន២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ ចំណែកស្រុកស្វាយទាបក្រុងស្វាយរៀង-ស្វាយរំពារ-គគីរសោម- ព្រៃតាអី-ជីភូ-ប្រសូតិ-ក្រុងស្វាយរៀងចំនួន២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។
រីឯស្រុកចន្ទ្រា៖ ក្រុងស្វាយរៀង-ប្រសូតិ-ជីភូ- ចន្ទ្រា-ក្រុងស្វាយរៀងចំនួន២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។
ក្នុងនោះ សម្រាប់ស្រុកកំពង់រោទិ៍៖ ក្រុងស្វាយរៀង-ប្រសូតិ- កំពង់រោទិ៍-ក្រុងស្វាយរៀងចំនួន១គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ ចំណែកក្រុងស្វាយរៀង-បន្ទាយក្រាំង- កំពង់រោទិ៍-ក្រុងស្វាយរៀងចំនួន១គ្រឿង។
រីឯស្រុករមាសហែកក្រុងស្វាយរៀង-កំពង់ចក- កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។ ក្រុងស្វាយរៀង-ជូនស-ចន្ត្រី- កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន២គ្រឿង៕
ដោយ៖ សុថាន