ភ្នំពេញ៖ ក្រុមចោរប្លន់ ដែលសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលស្រុកស្អាង និងនគរបាលក្រុងតាខ្មៅបង្ក្រាបឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើសន្និសីទកាសែតបង្ហាញមុខ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ជាមួយនឹងវត្ថុតាងមានអាវុធវែង អាវុធខ្លី ដែលត្រូវបានទៅឆែកឆេររកឃើញ កន្លែងពួកជនសង្ស័យ លាក់ទុកនៅចំណុចភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីធ្វើសកម្មភាពប្លន់នោះ ។
គួររំលឹកថា កាលពីរសៀលម្សិលមិញ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលស្រុកស្អាង ខេត្តកណ្តាល បាននាំខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ទៅបង្ហាញទីតាំងដែលពួកគេបានលាក់ទុកអាវុធ ។ ជាក់ស្តែងរកឃើញអាវុធខ្លីប្រភេទ កា ៥៩ចំនួន២ដើម គ្រាប់ចំនួន១០គ្រាប់ និងកាំភ្លើងអាកា ៤៧មួយដើម មានចំនួន២២គ្រាប់ ។
សន្និសីទកាសែត ដែលបានធ្វើឡើងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ គឺមានលោកឧត្តមសេនីយ៍ ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ហាញមុខក្រុមចោរប្លន់ និងវត្ថុតាង ដោយបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ សមត្ថកិច្ចរបស់លោក បានស៊ើបអង្កេតតាមដាននូវមុខសញ្ញាយ៉ាងយកចិត្តទុកដាក់ ទើបឈានដល់ការឃាត់ខ្លួន បន្ទាប់ពីពួកគេ ត្រៀមធ្វើសកម្មភាពប្លន់នៅស្រុកស្អាងខេត្តកណ្តាលនោះ ៕
ដោយ៖ តាឡឹម