ភ្នំពេញ៖ រឿងដ៏ហួសចិត្តមួយ បានកើតឡើង ខណៈដែលអង្គភាពរបស់ខ្លួ នជាអង្គការធ្វើការលើផ្នែកសិទ្ធិមនុស្ស តែបែរជាប្រើសិទ្ធិទាំងនោះ មកគៀបសង្កត់ និងបញ្ឈប់បុគ្គលិកដោយគ្មានមូលដ្ឋានច្បាស់លាស់ ទាំងតក់ក្រហល់ ដោយគ្រាន់តែចេញលិខិតព្រមានភ្លាម ក៏បញ្ឈប់ភ្លាម និងមិនបានផ្តល់ប្រាក់អតីតភាពការងារតាមគោលការណ៍របស់អង្គការ ។
លោក ចាន់ វិចិត្រ ដែលជាជនរងគ្រោះ និងជាដើមបណ្តឹង បានបង្ហាញ លិខិត ដែលខាងប្រធានអង្គការ ព្រមាន និងចោទប្រកាន់មិនសមរម្យមកលើរូបលោក កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៦ ដោយក្នុងលិខិតនោះ សរសេរថា លោក ចាន់ វិចិត្រ បំពេញការងារ មិនបានល្អ និងការប្រព្រឹត្ត នូវទង្វើមិនសមរម្យ ដូចខាងក្រោម ៖ – ឥរិយាបទ មិនគោរពដល់ថ្នាក់ដឹកនាំ ហើយមានការគំរាមប្តឹងថ្នាក់ដឹកនាំ ទៅតុលាការ ដោយសារការផ្តល់មតិយោបល់ ដើម្បីកែលម្អមួយចំនួន។ – ការបំពេញការងារ មិនប្រកបដោយវិជ្ជាជីវៈ និងមិនមានគុណភាព (មិនបានផ្តល់របាយការណ៍ពេលចុះបំពេញការងារនិងចែករំលែកព័ត៌មានទៅអ្នកគ្រប់គ្រងនិងអង្គភាព)។ដោយឡែក ការងារជាក្រុម (ធ្វើតាមចង់) ហើយមិនសូវទទួលយកគំនិតរបស់ក្រុម។
ចំពោះចំណុចចោទប្រកាន់ មកលើលោក ចាន់ វិចិត្រ បែបនេះត្រូវបានលោក បកស្រាយ និងឆ្លើយតបទៅវិញថា ៖ នៅក្នុងលិខិតព្រមាន សរសេថា ឥរិយាបទ មិនគោរពដល់ថ្នាក់ដឹកនាំ ហើយមានការគំរាមប្តឹងថ្នាក់ដឹកនាំ ទៅតុលាការដោយសារការផ្តល់មតិយោបល់ ដើម្បីកែលម្អរមួយចំនួន។ ចំណុចនេះ មិនត្រឹមត្រូវទេ ពោលគឺខ្ញុំបាទ មិនដែលធ្វើខុស ទៅនឹងគោលការណ៍ របស់អង្គការឡើយ។ ចំណែកឯពាក្យថា នឹងប្តឹងថ្នាក់ដឹកនាំនៅពេលណាដែលចេញលិខិតព្រមាន ដល់រូបខ្ញុំបាទនោះ វាគឺជាសិទ្ធិរបស់បុគ្គលិកម្នាក់ៗ ដែលមិនពេញចិត្តនឹងថ្នាក់ដឹកនាំរបស់ខ្លួន។ម៉្យាងទៀតពាក្យនេះមិនមែនជាការគំរាមកំហែងនោះទេវាគ្រាន់តែជាការតវ៉ាប៉ុណ្ណោះ ដែលច្បាប់បើកសិទ្ធិឲ្យ (ក្រមរដ្ឋប្បវេណី ដែលចែងអំពីឋានៈបុគ្គលិក)។
លិខិតឆ្លើយតបដដែលបានបន្តថា ចំណុចមួយទៀត (ការបំពេញការងារ មិនប្រកបដោយវិជ្ជាជីវៈនិងមិនមានគុណភាព)។ការចោទប្រកាន់បែបនេះមិនត្រឹមត្រូវទេព្រោះថា កាលដែលជ្រើសចូល ហេតុអ្វីបានជាមិនយកវិជ្ជាជីវៈ បែរជាជ្រើសរើស យករូបខ្ញុំបាទ។ ផ្ទុយទៅវិញខ្ញុំបាទ ធ្លាប់ទទួលបាននូវប័ណ្ណសរសើរ ពីអង្គការនេះកន្លងមកទៀតផង។ ដូច្នេះ បង្ហាញឲ្យឃើញថា ខ្ញុំបាទពិតជាមានវិជ្ជាជីវៈក្នុងការបំពេញការងាររបស់អង្គការនេះ។ បញ្ហាមួយទៀត – ការងារក្រុម (ធ្វើតាមចង់) ហើយមិនសូវទទួលយកគំនិតរបស់ក្រុម។ តាមពិតចំណុចនេះ ខ្ញុំមិនបានធ្វើដូច្នេះទេ។
ដើម្បីទទួលបាននូវភាពយុត្តិធម៌និងភាពស្អាតស្អំមកវិញលោក ចាន់ វិចិត្រ បានសម្រេចប្តឹងមនុស្ស៣នាក់ ក្នុងនោះមានឈ្មោះ លោក អៀង វុទ្ធី នាយកគ្រប់គ្រងអង្គការសមធ៌មកម្ពុជា លោក ផែន គឹម សុង ប្រធានកម្មវិធីឃ្លាំមើលការអភិវឌ្ឍន៍នៃអង្គការសមធ៌មកម្ពុជានិងលោក ឈៀង ភា ប្រធានការិយាល័យធនធានមនុស្សនិងរដ្ឋបាលនៃអង្គការសមធ៌មកម្ពុជា ដែលពាក់ព័ន្ធក្នុងរឿងបញ្ឈប់រូបលោកពីការងារគ្មានមូលហេតុច្បាស់លាស់ទៅសាលាដំបូងរាជធានីភ្នំពេញដោយទារសំណងជំងឹចិត្តក្នុងម្នាក់១ម៉ឺនដុល្លារពីបទបរិហាកេរ្ត៍ ។
ដោយឡែកនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទី លោក ចាន់ វិចិត្របានចូលខ្លួនឆ្លើយបំភ្លឺនៅក្នុងសាលាដំបូងរាជធានីភ្នំពេញក្នុងបន្ទប់សវនាការទី៥ ដោយមានលោក កោ វណ្ណឌី ចៅក្រមជំនុំជម្រះ លោក តំណាងអយ្យការសាលាដំបូង រួមទាំងមេធាវី៤រូប ជនជាប់ចោទទាំង៣រូប(ឈរក្នុងរង្វង់ក្រចកសេះ) ដោយជំនុំជម្រះជាសាធារណៈផងដែរ ។
នៅក្នុងសវនាការជំនុំជម្រះនោះដោយប្រើរយៈពេល៣ម៉ោងត្រូវបានលោកចៅក្រមបានកំណត់យកថ្ងៃប្រកាសសាលក្រមក្នុងករណីនេះនៅវេលាម៉ោង២រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះវិញ។
ទាក់នឹងករណីនេះនគរវត្តមិនអាច សុំការបកស្រាយពីចុងបណ្តឹងបានទេ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ៕
ដោយ៖ ស ដារ៉ា