មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន លើការប្រើប្រាស់ ឥណទាន ក្រៅផ្លូវការ

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ នៃ ការ ប្រើប្រាស់ ឥណទានក្រៅផ្លូវ ដែលមាននៅតាមបណ្តាញ Tiktok, Telegram, Facebook ឬការ ផ្តល់ ឥណទានដែលមិនមានទីតាំងច្បាស់លាស់ជាដើម ដើម្បីចៀស វាងនូវការ ចាញ់ បោក ដោយ ប្រការ ផ្សេងៗ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅ ក្នុង សន្និសីទ សារ ព័ត៌មាន ទាក់ទងនឹងប្រធាន បទ៖(ពន្យល់ពីខ្លឹមសារបច្ចេកទេស និងបកស្រាយ ចម្ងល់នានា របស់ អ្នកសារព័ត៌មានទាក់ទងនឹងស្ថានភាពវិស័យធនាគារ) នៅថ្ងៃទី ៨ ខែតុលា ម្សិលមិញនេះ ជុំវិញ ការ ឆបោក តាមរយៈការផ្តល់ឥណទានក្រៅផ្លូវការនេះ ឃើញថា កន្លងមក មានការកើត ឡើង លើ រូបភាព ផ្សេងៗគ្នា ជាក់ស្តែងក្នុងពេលថ្មីៗនេះ មានការបោកបញ្ចោត ដោយឱ្យប្រជាពលរដ្ឋយកលុយទៅដាក់ ដោយទទួលបានការប្រាក់ច្រើន ហួសហេតុដូចជា វិនិយោគ ៥០០ ដុល្លារ នឹងទទួលបាន ៣៥០០ ដុល្លារ បន្ទាប់ពី ២៤ ម៉ោង និងមានតាមរូបភាពផ្សេងៗជាច្រើន។
ជុំវិញ បញ្ហានេះ, លោកស្រីបណ្ឌិត តែងតែលើកឡើងរឿយៗ ព្រោះថា ប្រសិនការ ផ្សព្វផ្សាយបែបនេះ មិនមែនជារឿងល្អ នោះឡើយ ដូច្នេះសូមឱ្យប្រជាជនប្រុងប្រយ័ត្ន ជាក់ស្តែងនាពេលកន្លងមកនេះ ឃើញថាបងប្អូនប្រជាពលរដ្ឋភាគច្រើនខំទៅខ្ចីលុយ ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដើម្បី មកដាក់យកការប្រាក់ខ្ពស់ នៅពេលដែលមានបញ្ហា តែងតែលើកឡើងពីការខ្ចីពីរធនាគារ ឬមីក្រូ ហិរញ្ញវត្ថុនេះនោះជាដើម។ បញ្ហានេះប្រសិនបើប្រជាពលរដ្ឋត្រូវការ សូមមកកម្ចីនៅតាមប្រព័ន្ធធនាគារ ឬមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញា បណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយកន្លងមកនេះ ធនាគារជាតិនៃកម្ពុជាតែងតែបានផ្សព្វផ្សាយ អំពីគ្រឹះស្ថានដែលមានអាជ្ញា បណ្ណត្រឹម ប៉ុណ្ណោះ ។ ធនាគារជាតិនៃកម្ពុជា ក៏តម្រូវឱ្យដាក់ព្យូរអាជ្ញាបណ្ណនៅតាមគ្រឹះស្ថាននីមួយៗផងដែរ ដើម្បី ឱ្យ ប្រជាពលរដ្ឋ បានឃើញ ក្នុងនោះប្រសិនមិនច្បាស់ សូមទាក់ទងមកហតឡាញដែលដាក់នៅ តាមផេក Facebook របស់ធនាគារ និងនៅតាម បណ្តាញសង្គមដ៏ទៃផ្សេងៗទៀត។
ទាក់ទិនបញ្ហានេះដែរ, លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា ក៏បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋដែលត្រូវការកម្ចី ឥណទាន សូមងាកមកប្រើស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែល ទទួលបានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ។ បញ្ហានេះ កន្លងមក សមាគមធនាគារ ក៏បានបើកយុទ្ធនាការផ្សព្វផ្សាយ អំពីស្ថាប័នគ្រឹះសន្ថានដែលមានអាជ្ញាបណ្ណ និងបាន ធ្វើ បច្ចុប្បន្ន ជា ញឹកញាប់ នៃគ្រឹះស្ថានដែលទើបទទួលបានអាជ្ញាបណ្ណថ្មីៗជាដើម។ ចំពោះ ការ ផ្សព្វ ផ្សាយ នេះ សមាគមបានជំរុញទៅដល់មូលដ្ឋាន ដើម្បី ឱ្យប្រជាពលរដ្ឋបានជ្រាបច្បាស់ ចំពោះ គ្រឹះស្ថាន ដែល អនុវត្តត្រឹមត្រូវ ចៀសវាងកុំឱ្យប្រជាពលរដ្ឋចាញ់បោកដោយប្រការផ្សេងៗ។
សូមបញ្ជាក់ថា ៖ មានក្រុមជនទុច្ចរិតបានបង្កើតគ្រុបតាមប្រព័ន្ធតេឡេក្រាម បោកប្រាស់ បញ្ហាការដាក់លុយវិនិយោគ ដាក់តិចចំណេញច្រើន ដូចជាល្បិចបោកដូចខាងក្រោមនេះជាដើម កញ្ចប់វិនិយោគ
1️150 USD ប្រាក់ចំណេញ 1,700 USD
◼250 USD ប្រាក់ចំណេញ 3,000 USD
◼500 USD ប្រាក់ចំណេញ 5.000 USD
◼1,000 USD ប្រាក់ចំណេញ 7,500 USD
◼ 2,000 USD ប្រាក់ចំណេញ 10,000 USD

កញ្ចប់វិនិយោគ
◼ 5,000 USD ប្រាក់ចំណេញ 15,000 USD
◼6,000 USD ប្រាក់ចំណេញ 20,000 USD
◼ 7,000 USD ប្រាក់ចំណេញ 25,000 USD

កញ្ចប់វិនិយោគ
◼10,000 USD ប្រាក់ចំណេញ 30,000 USD
USD 15,000 USD ប្រាក់ចំណេញ 50,000 USD
កញ្ចប់វិនិយោគ
◼ 50,000 USD ប្រាក់ចំណេញ 250,000 USD

ទាក់ទងអ្នកគ្រប់គ្រងក្រុមហ៊ុនសម្រាប់ព័ត៌មានបន្ថែម។
សុទ្ធតែល្បិចបោកដែលយើងត្រូវចៀសឱ្យឆ្ងាយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print