ក្លិប Bundesliga បានបញ្ជាក់កាលពីថ្ងៃពុធថា ខ្សែបម្រើរបស់ក្លិប Bayer Leverkusen កីឡាករ Florian Wirtz បានរងរបួសកជើងស្តាំរបស់គាត់ ខណៈដែលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់។
កីឡាករ Wirtz បានរងរបួសអំឡុងពេលដែលអាល្លឺម៉ង់យកឈ្នះ ១-០ ក្នុងផ្ទះលើក្រុមហូឡង់ក្នុងការប្រកួត Nations League ពូល A3 របស់ពួកគេកាលពីថ្ងៃចន្ទឈានចូលថ្ងៃអង្គារ ជាកន្លែងដែលគាត់ត្រូវបានប្តូរដោយមិត្តរួមក្រុម Leverkusen កីឡាករ Robert Andrich នៅពាក់កណ្តាលតង់ទីមួយ។ ជ័យជម្នះនេះបានជួយឲ្យអាល្លឺម៉ង់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
ក្លិបបានប្រកាសថា កីឡាករវ័យ២១ឆ្នាំរូបនេះបានធ្វើការស្កេន MRI កាលពីថ្ងៃពុធ ហើយកំពុងទទួលការព្យាបាលនៅឯក្លិប Leverkusen។ វាមិនច្បាស់ទេថា នៅពេលណា Wirtz នឹងត្រលប់មកហ្វឹកហាត់វិញ ដែលធ្វើឲ្យគាត់មានការសង្ស័យសម្រាប់ការប្រកួត Bundesliga នៅថ្ងៃសៅរ៍ជាមួយ Eintracht Frankfurt ។
ក្រុម Leverkusen ឈរលេខ៥ក្នុងតារាងលីកមាន១១ពិន្ទុពីការប្រកួត៦លើកតាមពីក្រោយក្រុមកំពូលតារាង Bayern Munich ៣ពិន្ទុ។ ក្រុមរបស់លោក Xabi Alonso នឹងត្រូវប៉ះក្រុមបារាំង Brest ក្នុងវគ្គជម្រុះ Champions League បន្ទាប់មកក្រុមនេះនឹងត្រូវប៉ះក្រុមទទួលភ្ញៀវ Frankfurt៕