កីឡាករបាល់ទាត់កូរ៉េខាងត្បូង Hwang Ui-jo បានសុំទោសចំពោះការថតវីដេអូសម្ងាត់ជាមួយដៃគូររបស់គាត់។ ព្រះរាជអាជ្ញានិយាយថា ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះបានថតរឿងរួមភេទជាមួយដៃគូពីរនាក់របស់គាត់ដោយគ្មានការយល់ព្រមពីពួកគេចំនួន៤ដងនៅចន្លោះខែមិថុនាដល់ខែកញ្ញា ឆ្នាំ២០២២។
ក្នុងការបង្ហាញខ្លួននៅតុលាការជាលើកដំបូងក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃពុធ លោក Hwang បាននិយាយថា លោកមានការសោកស្ដាយយ៉ាងខ្លាំងដែលបានបង្កឲ្យមានការខកចិត្ត។ អតីតខ្សែប្រយុទ្ធរូបនេះទើបតែបានចាកចេញពីក្លិប Nottingham Forest របស់អង់គ្លេសទៅកាន់ Alanyaspor របស់តួកគី។
វីដេអូទាំងនេះបានលេចចេញជារូបរាង បន្ទាប់ពីបងស្រីក្មេករបស់ Hwang បានចែករំលែកវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីខែមិថុនាឆ្នាំមុន ក្នុងគោលបំណងចង់បង្ខូចគាត់។ នាងត្រូវបានកាត់ទោសឱ្យជាប់គុកបីឆ្នាំក្នុងខែកញ្ញាពីបទបង្ខូចកេរ្តិ៍ឈ្មោះបន្ទាប់ពី Hwang បានប្តឹងនាង។
ទោះបីជាយ៉ាងណា ការចោទប្រកាន់លើរូបលោកបានដំណើរការ ខណៈព្រះរាជអាជ្ញានិយាយថា លោកបានថតវីដេអូដោយខុសច្បាប់។ ព្រះរាជអាជ្ញាបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីស្ត្រីនៅក្នុងវីដេអូដើម្បីការពារគ្រោះថ្នាក់បន្ថែមទៀត។
Hwang បានប្រាប់តុលាការនៅទីក្រុងសេអ៊ូលថា “ខ្ញុំនឹងមិនធ្វើអ្វីខុសនៅថ្ងៃអនាគត ហើយនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងនាមជាកីឡាករបាល់ទាត់” ។
លោកបានបន្ថែមថា “ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះជនរងគ្រោះដែលបានប៉ះពាល់ដល់សកម្មភាពរបស់ខ្ញុំ ហើយខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការខកចិត្តដែលខ្ញុំបានបង្កឡើងចំពោះអ្នកដែលបានយកចិត្តទុកដាក់ និងគាំទ្រខ្ញុំ”៕