ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសារចងសម្ព័ន្ធមេត្រីភាព នៅបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ជាមួយបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងពលទាហាន។

ពិធីនេះប្រព្រឹត្តិឡើងនៅទីបញ្ជាការដ្ឋានរថក្រោះ ស្ថិតឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីលោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងមុខ ងារសាធារណៈ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានរថក្រោះ គណៈអភិបាល និងអង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ សរុបអ្នកចូលរួមប្រមាណ ៦០០នាក់។

ការចងសម្ព័ន្ធមេត្រីភាពរវាងកងទ័ពជាមួយស្ថាប័ន អង្គភាពស៊ីវិល ត្រូវបានបង្កើតឡើងដោយគំនិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងកងទ័ព ឱ្យកាន់តែជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពស៊ីវិល ដែលជួយពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងជួយបង្កលក្ខណៈឱ្យកងទ័ពកាន់តែមានភាពងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអង្គភាពឱ្យកាន់តែមានភាពរឹងមាំ តាមពាក្យស្លោក «សមរភូមិក្រោយ ជួយសមរភូមិមុខ» ដែលជាប្រពៃណីតាំងពីសម័យ សង្រ្គាម រហូតដល់សម័យរដ្ឋកម្ពុជា។

គោលគំនិតដ៏ប្រពៃរបស់ សម្តេចតេជោ ត្រូវបានបន្តពូនផ្តុំបន្ថែមឱ្យកាន់តែរឹងមាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានដាក់ចេញនូវសេចក្តីសម្រេចលេខ១៥២សសរ ចុះថ្ងៃទី២៦​ ខែ កក្កដា ឆ្នាំ២០២៤ ស្តីពីការរៀបចំចងសម្ព័ន្ធមេត្រីភាពបន្ថែមរវាងអង្គភាពកងទ័ព ជាមួយស្ថាប័ន អង្គភាពស៊ីវិល ដោយបានអនុញ្ញាតឱ្យបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចងសម្ព័នមេត្រីភាព​ជាមួយក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុនវើលដ៏ប្រ៊ីដអ៊ិន ធើណេសិនណល (ខេមបូឌា)។

សារប្រយោជន៍ដែលទទួលបានពីការចងសម្ព័ន្ធមេត្រីភាពនេះ គឺការជួយគ្នាទៅវិញទៅមក ដែលក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុនវើលដ៏ប្រ៊ីដ គ្រុប នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយឧបត្ថម្ភ គាំទ្រ ដល់អង្គភាពកងទ័ព (បញ្ហាការដ្ឋានរថក្រោះ នៃអគ្គ បញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញ ភារកិច្ច ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ ដែលអង្គភាពកងទ័ព ក៏នឹងចូលរួមចំណែកជាមួយក្រសួង និងក្រុមហ៊ុន ជួយថែរក្សាការពារសន្តិភាព សន្តិសុខជាតិ និងសុវត្ថិភាព នៅពេលមានឧបទ្ទវហេតុ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ជាការតបស្នងវិញផងដែរ។

មានប្រសាសន៍ក្នុងពិធី ឧបនាយករដ្ឋមន្ត្រីថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះកងកម្លាំងនៃកងយោពលខេមរភូមិន្ទទាំងអស់ ជាពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានរថក្រោះ ដែលបានខិតខំប្រឹង ប្រែង បូជាកម្លាំងកាយចិត្តនៅគ្រប់សមរភូមិបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ដើម្បីសន្តិភាព និងភាពសុខដុមរបស់ប្រជាជន ដែលសន្តិភាពនេះ គឺជាមូលដ្ឋានដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០។

ពិធីសារចងសម្ព័ន្ធមេត្រីភាព ត្រូវបានចុះហត្ថលេខាដោយ លោកសំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ អ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ័ប្រ៊ីដ គ្រុប និងឧត្តមសេនីយ៍ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ អ.ប.ក.៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print