លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់នៃក្រសួងមហាផ្ទៃបន្តរក្សាស្ថានភាពល្អ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីពង្រឹងការងារ!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារបន្តរួមគ្នាថែរក្សាស្ថានភាពល្អនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។

ភ្ជាប់នឹងការណែនាំនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកនូវមរតកស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលចុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ បានខិតខំដោះស្រាយការងារជាក់ស្ដែងជាច្រើន រហូតឈានដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះលើការងារប្រឆាំងការសម្អាតប្រាក់។

នៅព្រឹកមិញ សមាសភាពក្រុមការងារត្រួតពិនិត្យឡើងវិញ (RPG) សម្រាប់សហការជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា មានចំនួន១៧រូប។
លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធាន៨រូប ក្នុងនោះលោកឧត្តមសេនីយ៍ឯក ហោ សំអាត ជាអនុប្រធានអចិន្រ្តៃយ៍។ ក្រុមការងារនេះមានលេខាធិការដ្ឋានជាសេនាធិការ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា។ តួនាទី និងភារកិច្ចនៃយន្តការនេះ មានកំណត់ក្នុងប្រកាសក្រសួងមហាផ្ទៃ លេខ៣៩២៥ ស.ស.រ.។

ក្នុងកិច្ចប្រជុំនោះដដែល លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ ឱ្យក្រុមការងារបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងវិធីសាស្រ្តថ្មីៗក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យលេខាធិការដ្ឋាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយឱ្យបានច្បាស់លាស់ជាមួយស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងត្រៀមសហការជាមួយអគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីជ្រើសរើសអ្នកមានសមត្ថភាពនៅឆ្នាំខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print