ខេត្តស្វាយរៀង៖ លោកប្រធានសុរិយោដីស្រុកស្វាយទាប រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ខណៈដែលរូបលោកបានបើករថយនបុកជាមួយរថយន្តកុងតឺន័របញ្រាស់ទិសគ្នាកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះ ទួត នៅ អាយុ៥០ឆ្នាំ ជាប្រធានសុរិយោដីស្រុកស្វាយទាប មានទីលំនៅភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោរន៍ ខេត្តស្វាយរៀង ខណៈបើករថយនម៉ាកតាគូមា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-3770។
ចំពោះអ្នកបើករថយន្តកុងតឺន័រមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវរថយន្ដកុងតឺន័រ ពាក់ផ្លាកលេខ ភ្នំពេញ 3B-3811 តួរថយន្ដខាងក្រោយ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-0196 នៅនឹងកន្លែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដតាកូម៉ាមួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ ស្របពេលនោះស្រាប់តែមានរថយន្តកុងតឺន័មួយគ្រឿង ទិសដៅបញ្ច្រាស់គ្នាក៏បុកលាន់សូដូចរន្ទះបាញ់ខែចែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយកើតហេតុលោកប្រធានសុរិយោដីស្រុកត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម រីឯរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ខេត្តដោះស្រាយតាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺបណ្ដាលមកពីរថយន្តទាំងពីរមិនប្រកាន់ស្តាំដូចគ្នាទើបជួបករណីនេះកើតឡើង៕
ដោយ៖ យឹម សុថាន
...