ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃអង្គារ ១២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Woo Jong Soo អគ្គស្នងការរងទទួលបន្ទុកស៊ើបអង្កេតបទល្មើស នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូង នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
នៅក្នុងជំនួបនេះ មានគោលបំណងអនុវត្តទៅតាមផែនការសហប្រតិបត្តិការរបស់នគរបាលជាតិកម្ពុជា និងនគរបាលជាតិកូរ៉េខាងត្បូង និងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ព័ត៌មានបំពេញបន្ថែមលើដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ចាប់ខ្លួនឧក្រិដ្ឋជន រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការកសាងសមត្ថភាពកងកម្លាំងនគរបាលផងដែរ៕