ខេត្តកំពង់ធំ៖ រថយន្តវីហ្គោមួយគ្រឿងបានបើកធ្លាក់ផ្លូវក្រឡាប់ខ្លួនឯងបណ្ដាលអោយស្លាប់ ក្មេងប្រុសម្នាក់អាយុ២ឆ្នាំនៅនឹងកន្លែងកើតហេតុនិងរបួសធ្ងន់ស្រាល៦នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤៥នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិត្បែង(ខ) ឃុំត្បែងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាៈ រថយន្តម៉ាកវីហ្គោពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2L-3703ក្រឡាប់ខ្លួនឯងបើកបរដោយឈ្មោះហួត រដ្ឋា ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិ ធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ(មិនរងរបួសទេ) ចំណែកអ្នករួមដំណើរមាន ១/ឈ្មោះពេជ្រ មនោ ភេទប្រុសអាយុ៣០ឆ្នាំ (របួសស្រាល) ២/ឈ្មោះផាន់ ធី ភេទស្រីអាយុ៣៥ឆ្នាំ (របួសធ្ងន់) ៣/ឈ្មោះនោ ភ័ក្រ ភេទប្រុសអាយុ៨ឆ្នាំ (របួសស្រាល) ៤/ ឈ្មោះនោ ខ្វាន់ ភេទប្រុសអាយុ២ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ៥/ឈ្មោះ ណាង ភេទប្រុសអាយុ៤៣ឆ្នាំ (របួសធ្ងន់) ៦/ឈ្មោះ រី ភេទស្រី២០ឆ្នាំ (របួសធ្ងន់) អ្នកទាំងអស់គ្នារស់នៅភូមិត្រពាំងបឹង ឃុំមមាង ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរនោះបណ្តាលមកពីមូលហេតុ អ្នកបើកបរក្នុងស្ថានភាពងងុយដេកមួយភាំង។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅ សង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ ចំណែករថយន្តសមត្ថកិច្ចស្រុកកំពង់ស្វាយយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុក ហើយកុមារដែលស្លាប់ត្រូវបានសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៊ុន រិទ្ធី