ប្រជាពលរដ្ឋដេកមិនលក់បក់មិនល្ហើយទៀតហើយបន្ទាប់ពីចោរលួចសត្វគោ៣ក្បាលក្នុងក្រោលដោយសុវត្ថិភាពនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្រុមចោរកំពុងយាយីប្រជាពលរដ្ឋទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈនាពេលកន្លងមក ជាក់ស្ដែងសត្វគោចំនួន៣ក្បាលត្រូវបានចោរលួចពីចំណងក្នុងក្រោលដឹកគេចដោយសុវត្តិភាព ម្ចាស់សត្វគោកំពុងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍។

ហេតុការណ៍ខាងលើនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោលគោស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមការបញ្ជាក់ពីលោក កែវ លន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបឹងបត់កណ្ដោលបានឲ្យដឹងថា ម្ចាស់សត្វគោត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណលួចដឹកចេញពីក្រោលយកទៅបាត់នោះឈ្មោះ ម៉ាត់ ឡុង ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុ។

លោកនាយប៉ុស្តិ៍បន្តថា សត្វគោទាំងនោះជាគោមេនិងកូនញីទាំងអស់ ហើយតាមការបញ្ជាក់ពីម្ចាស់បាននិយាយថាមិនដឹងបាត់ពីពេលណានោះទេ លុះម្ចាស់គាត់ក្រោកពីដំណេកបត់ជើងតូចទើបដឹង ក៏នាំគ្នាផ្អើលឆោឡោទាំងយប់អធ្រាត្រចាត់គ្នាដើររកដែរតែរកមិនឃើញ។

លោកបន្តទៀតថា ករណីបាត់សត្វគោចំនួន០៣ក្បាលខាងលើម្ចាស់គោពុំទាន់ឃើញមកដាក់ពាក្យបណ្ដឹងនៅឡើយទេ គ្រាន់តែប្តឹងផ្ទាល់មាត់ឲ្យជួយអន្តរាមគន៍ ដើម្បីជួយទប់ស្កាត់ក្រែងឃើញជនណាដឹងឆ្លងកាត់ ហើយសមត្តកិច្ចបានរាយការណ៍តគ្នារង់ចាំឃ្លាំមើលនិងកំពុងធ្វើការស្រាវជ្រាវ។

ប្រជពលរដ្ឋធ្វើការរងរិះគន់ថា ក្រុមចោរដើរធ្វើសកម្មភាពបែបនេះមានន័យថា កម្រើកឡើងវិញទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈនាពេលកន្លងមក បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋរងាឆ្អឹងខ្នងដេកលែងលក់បក់មិនល្ហើយទៀតហើយ៕

1

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print