បង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀននិងនាំរថយន្តចង្កូតស្តាំចូលស្រុកខ្មែរ ដកហូតថ្នាំញៀនជាង១ពាន់គ្រាប់ រថយន្ត២គ្រឿង កាំភ្លើងខ្លី២ដើម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការបង្ហាញមុខសញ្ញាជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធ លួចនាំរថយន្តចង្កូតស្តាំ ពីប្រទេសថៃចូលមកប្រទេសកម្ពុជាខុសច្បាប់ និងជាមុខសញ្ញាជួញដូរថ្នាំញៀន ក្រោយពីកម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការបង្រ្កាបជនសង្ស័យដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សមត្ថកិច្ចឆែកឆេររកឃើញដកហូតបានរថយន្តចង្កូតស្តាំចំនួន២គ្រឿង កាំភ្លើងខ្លីចំនួន២ដើម ថ្នាំញៀនមេតំហ្វេតាមីនWY ១១៨៥គ្រាប់ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក២ថង់តូច ស្មើនឹង៤.១៣ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ប្រាក់ខ្មែរ៣០ម៉ឺនរៀល ប្រាក់អាមេរិច៧២០ដូល្លារ ប្រាកថៃ ១៥,២៧០បាត ទូរស័ព្ទដៃ៤គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ។

ពាក់ព័ន្ធនឹងការបង្រ្កាបឃាត់ខ្លួនជនសង្ស័យលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងកណ្តាលព្រហ្មទណ្ឌ ប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សូរ សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ជននេះគឺជាមុខសញ្ញាសកម្មភាពលួចនាំរថយន្តចង្កូតស្តាំពីប្រទេសថៃនាំឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា និងជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងមូលដ្ឋាននិងថែមជួញដូរគ្រឿងញៀនឆ្លងដែនចូលទៅប្រទេសថៃផងដែរ។ ក្រោយពីមានការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនទើបឈានដល់ការបង្រ្កាបជនសង្ស័យនោះបានខណៈដែលជនសង្ស័យនាំរថយន្តចេញពីប្រទេសថៃ ហើយនាំទៅឆែកឆេរក្នុងផ្ទះ ជនសង្ស័យឃើញមានលាក់ទុកកាំភ្លើងខ្លី២ដើម និងថ្នាំញៀនជាច្រើនថែមទៀតផងដែរ។

លោកឧត្តមសេនីយ៍ស្នងការរងបា្រប់ឱ្យដឹងទៀតថា ជនសង្ស័យក៏បានឆ្លើយសារភាព ពីសកម្មភាពរបស់ខ្លួនដែលប្រព្រឹត្តខុសច្បាប់នោះហើយ កាំភ្លើងខ្លី២ដើមគេទិញនិងទទួលបញ្ចាំពីជនជាតិថៃរកស៊ីជាមួយគ្នា។

ជនសង្ស័យប្រឈមនឹងការចោទប្រកាន់ចំនួន៣បទល្មើស ទី១, បទល្មើសនាំរថយន្ត ឆ្លងដែនខុសច្បាប់ ទី២,រក្សាទុកអាវុធខុសច្បាប់ និងទី៣,ការជួញគ្រឿងញៀនខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

vichka (1) vichka (5) vichka (1) vichka (6) vichka (7) vichka (8)vichka (2) vichka (4) vichka (3)

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print