ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងសិរីសោភ័ណសហការនិងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យឆក់កាបូបលុយ២នាក់តាមរយៈកាមរ៉ាសុវត្ថិភាពក្រោយជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយរបស់សស្រ្តីអាជីវករម្នាក់ក្នុងផ្សារធំមានជ័យរួចគេចខ្លួនបានមួយថ្ងៃ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនសង្ស័យទាំង២នាក់នោះតែម្តង ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទី១-ឈ្មោះ អ៊ុល ប៊ុននី ភេទប្រុស អាយុ២៥ឆ្នាំ ទី២-ឈ្មោះ ឆាយ តាំង ភេទប្រុស អាយុ២៣ឆ្នាំ ពួកគេគ្មានមុខរបរពិតប្រាកកដ រស់នៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ចំណែកស្រ្តីរងគ្រោះម្ចាស់កាបូបលុយមានឈ្មោះ គឹម ផល្លារ័ត្ន អាយុ២៩ឆ្នាំ រស់នៅក្នុងក្រុងសិរីសោភ័ណ។
បើតាមប្រភព័ត៌មានពីនគរបាលក្រុងសិរីសោភ័ណឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ដោះស្លាកលេខចេញ ឈប់ខាងមុខផ្សារធំថ្មីមានជ័យ ។ បន្ទាប់មកពួកគេម្នាក់ក្នុងចំណោម២នាក់បានរត់ចូលទៅឆក់កាបូបលុយរបស់ស្រ្តីជាអាជីវករខាងលើដែលកាបូបលុយនោះដាក់នៅលើទូ លក់អីវ៉ាន់ក្នុងតូប។ ចំណែកម្នាក់ទៀតនៅរង់ចាំម៉ូតូហើយបញ្ឆេះម៉ូតូជាស្រេច ក្រោយពីធ្វើសកម្មភាពឆក់កាបូបលុយរួចហើយពួកគេឡើងជិះម៉ូតូគេចខ្លួនបាត់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរួចស្រ្តីម្ចាស់កាបូបរងគ្រោះក៏មកដាក់ពាក្យប្តឹងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានបញ្ជាទៅការិយាល័យជំនាញ និងនគរបាលក្រុងសិរីសោភ័ណ ដើម្បីបើកធ្វើការស្រាវជ្រាវស៊ើបអង្កេតទៅលើករណីនោះ ។ សមត្ថកិច្ចក៏បានស្រាវជ្រាវស៊ើបអង្កេតតាមរយៈកាមរ៉ាសុវត្ថិភាពនៅក្នុងផ្សារធំថ្មីមានជ័យ កំណត់បានមុខសញ្ញាជនសង្ស័យចូលទៅឆក់កាបូប ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានសម្រេចតែម្តង។ នៅក្នុងកាបូបមានប្រាក់រៀល ៦០ម៉ឺនរៀល ត្រូវបានពួកគេយកទៅចាយអស់នៅសល់ទូរស័ព្ទ១គ្រឿងម៉ាកស៊ាំស៊ុង ត្រូវបានចាប់យកហើយប្រគល់ឲ្យម្ចាស់ដើមវិញ។
សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យជាលើកទី១ដែលមានអំពើឆក់កាបូប ពីមុនមកមិនធ្លាប់កើតមានោះទេ តែត្រូវ សមត្ថកិច្ចស្វែងរកឃាត់ខ្លួនបាន។ ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សំ វិច្ឆិកា