ខេត្ដស្ទឹងត្រែង ៖ សព្វថ្ងៃភាពសកម្ម ក្រុមឈ្មួញក្នុងការដឹកជញ្ជូនឈើប្រណីតតាមរថយន្ដសាំយ៉ុងចេញពីស្រុកសៀមប៉ាងចូលមកទីរួមខេត្ដស្ទឹងត្រែងគឺមាន ជារៀងរាល់ថ្ងៃនិងរាល់យប់ តែមិនដែល ឃើញមានសមត្ថកិច្ចនិងមន្ដ្រីជំនាញចុះបង្ក្រាបឡើយ ។ ជាក់ស្ដែងដូចជាឈ្មួញ ដែលរកស៊ីបទល្មើសឈើប្រណីតឈ្មោះ ណាក់ ឈ្មោះហេងនិងឈ្មោះគួយ ណាង ដែលជាឈ្មួញរកស៊ីបទល្មើសឈើប្រណីតហើយក៏ជាឈ្មួញដែលបានបង់លុយឱ្យ សមត្ថកិច្ចនិងមន្ដ្រីជំនាញតាមដងផ្លូវ ផងដែរ ។ ទាំងនេះហើយជាហេតុធ្វើឱ្យ សមត្ថកិច្ចទាំងនោះមិនព្រមមានចំណាត់ការទៅលើក្រុមឈ្មួញអស់ទាំងនេះឡើយ ។
បើតាមប្រជាជនដែលរស់នៅតាមដងផ្លូវជាតិលេខ៧បានប្រាប់ថា រាល់ថ្ងៃ នេះគេឃើញមានរថយន្ដតាក់ស៊ីសាំយ៉ុង ជាច្រើនដែលដឹកភ្ញៀវបើកកាត់ផ្លូវជាតិលេខ៧ហើយក៏មានរថយន្ដសាំយ៉ុង១ចំនួនមិនឃើញដឹកភ្ញៀវទេឃើញដឹកតែឈើ ពេញរថយន្ដមានតែអ្នកបើកបរម្នាក់និងព្រូឡានម្នាក់សរុបពីរនាក់តែប៉ុណ្ណោះ ហើយឃើញដឹកឈើតែនៅពេលយប់ ជួនកាលឃើញដឹកពេលថ្ងៃខ្លះដែរ ប៉ុន្ដែ មិនដែលឃើញមានសមត្ថកិច្ចណាសួរនាំឡើយ។សង្ស័យតែមានអ្វីបិទបាំងនៅពីរក្រោយខ្នងសមត្ថកិច្ចទាំងនោះហើយ មើលទៅបានមិនឃើញចាត់ការសោះ?
ក្រោយពីដាក់ការស៊ើបអង្កេតរួចទើបដឹងថារថយន្ដសាំយ៉ុងដឹកឈើប្រណីត ទាំងនោះគឺជារបស់ក្រុមឈ្មួញដែលបាន រៀបរាប់ឈ្មោះខាងលើ ហើយក៏ជាក្រុម ឈ្មួញដែលចូលចិត្ដប្រើសម្ដីឡូយ និងមិន ខ្លាចសមត្ថកិច្ចផងដែរ ព្រោះអាងអំណាច ទឹកលុយសម្រាប់បិទមាត់មន្ដ្រីពាក់ព័ន្ធ ។ ចំពោះការដឹកជញ្ជូនឈើប្រណីតរបស់ ក្រុមឈ្មួញខាងលើនេះគឺដឹកចេញ២ស្រុកសៀមប៉ាងចូលមកទីរួមខេត្ដដើម្បីលក់ ឱ្យសិប្បកម្មធំៗ និងឈ្មួញមួយចំនួន ទៀតពេលដឹកឈើប្រណីតមកដល់ខេត្ដ ហើយក៏ចាប់ផ្ដើមរៀបចំលើកឈើពីរថយន្ដដែលដឹកមកដូរដាក់រថយន្ដផ្សេង ដើម្បីដឹកយកទៅលក់នៅស្រុកមេមត់ ហើយក៏អាចបន្លំភ្នែកសមត្ថកិច្ចដែលឈរជើងតាមដងផ្លូវបានខ្លះដែរ ។
ជុំវិញករណីក្រុមឈ្មួញដឹកឈើ ប្រណីតយ៉ាងកក្រើកពេញខេត្ដស្ទឹងត្រែងខាងលើនេះប្រជាពលរដ្ឋសុំឱ្យមន្ដ្រីថ្នាក់ លើមេត្ដាជួយត្រួតពិនិត្យមើលមន្ដ្រីថ្នាក់ក្រោមផងកុំឱ្យមានការសង្ស័យពីសំណាក់ ប្រជាពលរដ្ឋទៀត ។
មន្ដ្រីពាក់ព័ន្ធនៅខេត្ដស្ទឹងត្រែង នគរវត្ដមិនអាចទាក់ទងសុំការពន្យល់ បានទេ ៕ ហេង សូរិយា