ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ជាប់ចោទពីបទឆបោក រងការចាប់ខ្លួនពីនគរបាលក្រុងបាត់ដំបង ហើយនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ក្រោយពីកម្លាំងនគរបាលក្រុងបាត់ដំបង បានចេញធ្វើការស្រាវជ្រាវស៊ើបង្កេត ចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ជាមួយម៉ូតូម៉ាកហុងដាសេរីឆ្នាំ២០១៣ មួយគ្រឿង ដែលគេខ្ចីរបស់មិត្តភក្ដិយកទៅបាត់នោះ។
ជនសង្ស័យមានឈ្មោះ អែល អាស្លៃមាន ភេទប្រុស អាយុ២៣ឆ្នាំ មកស្នាក់នៅបណ្តោះ អាសន្ននៅក្រុងបាត់ដំបង មានលំនៅក្នុងភូមិខ១ សង្កាត់ ច្រាំងចំរះខណ្ឌប្ញស្សីកែវ ។ ចំណែកម្ចាស់ម៉ូតូរងគ្រោះឈ្មោះ សោម ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
បើតាមប្រភពព័ត៌មានពីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តបា្រប់ឱ្យដឹងថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះអែល អាស្លៃមាន បានខ្ចីម៉ូតូពួកម៉ាក ឈ្មោះ សោម ចន្ថា ប្រាប់ថាទៅទិញអីវ៉ាន់បន្តិច លុះបន្ទាប់មកស្រាប់តែជនសង្ស័យជិះម៉ូតូ យកទៅបាត់រហូត។ បន្ទាប់មកនៅថ្ងៃដែលនោះម្ចាស់ម៉ូតូរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងជនសង្ស័យ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ លុះដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ទើបកម្លាំងនគរបាលក្រុងបាត់ដំបងធ្វើការតាមដានស្រាវជ្រាវស៊ើបអង្កេត ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យបានរួចជាមួយវត្ថុតាងជាក់ស្តែង ។
បច្ចុប្បន្នម៉ូតូ១គ្រឿងដែលជនសង្ស័យយកទៅត្រូវបានសមត្ថកិច្ចដកហូតបាន ហើយគ្រោងនឹងប្រគល់ឱ្យម្ចាស់ដើមវិញផងដែរ៕
ដោយ៖ សំ វិច្ឆិកា