ខេត្តបាត់ដំបង៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នេះ បញ្ជូនជនសង្ស័យ២នាក់ប្តីប្រពន្ធពាក់ព័ន្ធនិងជួញដូរថ្នាំញៀនខុសច្បាប់ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យទាំង២នាក់នេះប្រពន្ធមានឈ្មោះ អែម ភាព អាយុ៣៩ឆ្នាំ និងប្តីឈ្មោះ ញុច វ៉ាន់ អាយុ៤២ឆ្នាំ ប្រកបមុខរបរកម្មករ រស់នៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រងការបង្រ្កាបចាប់ខ្លួនពីកម្លាំងនគរបាល ស្រុកភ្នំព្រឹកកាលពីម៉ោង១០យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនខុសច្បាប់ក្នុងផ្ទះរបស់ខ្លួន។
ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំព្រឹកប្រាប់ឲ្យដឹងថា នៅពេលចូលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចឆែកឆេររកឃើញនិងចាបយកបានថ្នាំញៀនមេតំហ្វេតាមីន WY១៨គ្រាប់ ដែលគេលាក់ទុកក្នុងផ្ទះ និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ជនសង្ស័យ២នាក់ប្តីប្រពន្ធតែងតែធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ការបង្រ្កាបជនសង្ស័យសម្រេចនៅពេលនេះ ដោយមានសេចក្តីរាយការណ៍ពីអ្នកភូមិ រស់នៅក្នុងភូមិជាមួយជនសង្ស័យ មកនគរបាលស្រុកភ្នំព្រឹក អំពីសកម្មភាពដែលជនសង្ស័យប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់បង្កភាពភ័យខ្លាចដល់អ្នកភូមិក្នុងមូលដ្ឋាននោះ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍និងកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលខេត្តបាត់ដំបង ទៅលើសន្តិសុខសណ្តាប់ធ្នាប់សាធារណៈកាលពីថ្ងៃទី១១ ខែសីហា កាលពីកន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត ក៏បានដាក់បទបញ្ជាឲ្យកងកម្លាំងនគរបាលក្រោមបង្គាប់គ្រប់ផ្នែកនិងគ្រប់ជំនាញទាំងអស់ត្រូវបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនព្រមគ្នាឲ្យបានខ្លាំងក្លាបំផុត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការទប់ស្កាត់ និងកាត់ផ្តាច់នៃសកម្មភាពរបស់ក្រុមជនងងឹតគ្រឿងញៀន។
លោកឧត្តមសេនីយ៍ស្នងការបានលើកឡើងថា គ្រឿងញៀនជាបញ្ហាសកល ប៉ុន្តែមិនអាចបណ្តែតបណ្តោយឲ្យគ្រឿងញៀនរីកដុះដាលកាន់់តែខ្លាំងទៅនោះទេ ត្រូវមានវិធានការបង្រ្កាប ពីព្រោះគ្រឿងញៀនវាបង្កផលប៉ះពាល់ដល់ស្រទាប់យុវជន និងបង្កគ្រោះថ្នាក់ចលាចលសង្គមកាន់តែធ្ងន់ផងដែរ៕
ដោយ៖ សំ វិច្ឆិកា