ភ្នំពេញ៖ ចោរស្រីម្នាក់យកកន្រ្តៃមកកាត់សោរចូលផ្ទះលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្នទាំងព្រឹកព្រលឹមត្រូវម្ចាស់គេទាន់នាំគ្នាវាយបែកក្បាលទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍មិត្តភាព។
ករណីបានកើតឡើងកាលពីវេលាម៉ោង៣យប់ថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៦ នៅផ្ទះលេខ១៨១E3 ស្ថិតនៅបណ្តោយផ្លូវលេខ១២៨ ក្រុម៤៤ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ចាន់ សុភក្រ្ត័ អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥ផ្លូវលេខ៣០០ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ សុខ វិបុល ភេទប្រុសអាយុ២៩ស្នាក់នៅផ្ទះ លេខ១៨១E3 ស្ថិតនៅបណ្តោយផ្លូវលេខ១២៨ ក្រុម៤៤ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនកើតហេតុគេបានចាក់សោរផ្ទះហើយបានដេកលក់ស្រាប់តែឃើញជនសង្ស័យខាងលើបានយកកន្រ្តៃមកកាត់សោរហើយបានដើរចូលមួយស្ទុះក្រោយមកជនសង្ស័យក៏បានធ្វើសកម្មភាពលួចយកទ្រព្យសម្បតិ្តមួយចំនួនក៏ត្រូវម្ចាស់ផ្ទះឃើញទាន់ក៏បានស្រែកថាចោរៗហើយត្រូវម្ចាស់ផ្ទះចាប់បានភ្លាមៗតែមង្តហើយក៏នាំគ្នាវាយបណ្ដោយឲ្យជនសង្ស័យបែកក្បាលហើយម្ចាស់ផ្ទះក៏បានប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍មិត្តភាព។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍មិត្តភាពបញ្ជូនទៅអធិការខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី៕
ដោយ៖ ស រស្មី