រហូតដល់ថ្ងៃទី ៤ ខែមករាឆ្នាំ ១៩៧៩ ស្នូរគ្រាប់កាំភ្លើងធំលាន់ឮល្វើយៗកាន់តែញាប់ និងកាន់តែច្បាស់ហើយខិតចូលមកកាន់តែជិតនឹងភូមិរបស់ខ្ញុំ។ ភាពរំជើបរំជួលក្នុងចំណោមប្រជាជនកាន់តែកើនច្រើនឡើងៗ ។ រីឯព័ត៌មានអំពីការឈ្លានពានរបស់វៀតណាមត្រូវបានអង្គការផ្សព្វផ្សាយឲ្យដឹងកាន់តែច្បាស់។ម៉ោងប្រមាណជា១រសៀល រោងបាយទាំងអស់ក្នុងភូមិក្រូចបានទទួលបញ្ជាពីអង្គការភូមិឲ្យរៀបចំស្បៀងអាហារនិងចានឆ្នាំងដាក់លើរទេះគោ ក្របី និងផ្ញើតាមគ្រួសារខ្លះៗដើម្បីភៀសចេញទៅទិសខាងលិច។ ហ្វូងរទេះគោក្របីនិងប្រជាជនយ៉ាងស្អេកស្កះពីភូមិឃុំនានាប៉ែកខាងកើតកំពុងធ្វើដំណើរលាយឡំគ្នាជាប់រដឹកឆ្ពោះទៅទិសដៅតែមួយតាមការចង្អុលបង្ហាញរបស់អង្គការ។រទេះក្របីរបស់ខ្ញុំដែលទទួលបន្ទុកដឹកស្បៀងផ្ទះបាយលេខ ៧ ទាំងស្រុងចេញដំណើរទៅជាមួយប្រជាជនផ្សេងទៀតដែរ។ ខ្ញុំមិនអាចចូលរួមដំណើរជាមួយនឹងសមាជិកគ្រួសាររបស់ខ្ញុំបានឡើយព្រោះគាត់ត្រូវដើរតាមផ្លូវកាត់។ បន្ទាប់ពីបររទេះពេញមួយយប់ទល់ភ្លឺខ្ញុំបានទៅដល់ឈើកាច់ខាងកើតភ្នំប្រហែលជាម៉ោង ៨ព្រឹក។ ខ្ញុំបានឈប់នៅទីនោះដើម្បីឲ្យក្របីសម្រាកនិងស៊ីស្មៅដែលខ្ញុំបានកាត់ទុកឲ្យវា។ បន្ទាប់មកខ្ញុំដាក់ដាំបាយជាមួយអង្ករមួយកំប៉ុងដែលជារបបអាហារសម្រាប់ថ្ងៃត្រង់ និងពេលល្ងាចរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានហូបបាយនោះទាំងអស់តែរយៈពេលមួយពេលថ្ងៃត្រង់នោះ។
ម៉ោងប្រហែល ២ រសៀលស្នូរយន្តហោះបន្លឺសំឡេងឡើងខ្ញុំបានរំពៃរកមើលយន្តហោះនោះ ខ្ញុំបានឃើញយន្តហោះមួយគ្រឿងហោះកាត់ក្បែរភ្នំពីលើផ្លូវជាតិលេខ ១មុនពេលដែលស្នូលគ្រាប់បែក ចំនួន ៣ គ្រាប់ផ្ទុះឡើងយ៉ាងកក្រើកនៅទៅខាងលិច។ មួយរំពេចនោះយោធាខ្មែរក្រហម៣នាក់បានស្រែកប្រាប់ប្រជាជនឲ្យប្រញាប់បន្តដំណើរទៅមុខទៀតជាបន្ទាន់។ រទេះរបស់ខ្ញុំចាប់ផ្ដើមចេញដំណើរយឺតៗតាមជួរភ្នំពីខាងជើងឆ្ពោះទៅអ្នកលឿង។ ម៉ោងប្រហែលជា ៤ រសៀលស្នូរគ្រាប់កាំភ្លើងធំបានផ្ទុះឡើងយ៉ាងកក្រើកដី ។ រទេះគោក្របីនិងអ្នកដំណើរទាំងអស់ឈប់ទ្រឹងមួយកន្លែងមួយសន្ទុះក្រោយមកស្រាប់តែឃើញក្រុមខ្មែរក្រហមបានជិះម៉ូតូមកដល់ហើយស្រែកប្រាប់ប្រជាជនដែលកំពុងតែធ្វើដំណើរឲ្យត្រឡប់ថយក្រោយវិញ។ រទេះគោក្របីនិងអ្នកដំណើរទាំងអស់ចាប់ផ្ដើមបត់ត្រឡប់ថយក្រោយយ៉ាងតក់ក្រហល់និងលំបាកលំបិន។
ថ្ងៃទី ៥ ខែមករាបានចូលមកដល់ ខ្ញុំព្រមទាំងប្រជាជនផ្សេងទៀតដែលកំពុងតែធ្វើដំណើរត្រឡប់មកក្រោយវិញនៅមិនទាន់មានទិសដៅច្បាស់លាស់ថាទៅទីណានៅឡើយទេ។ក្របីរបស់ខ្ញុំដើរលែងទៅមុខ នៅពេលដែលបានត្រឡប់មកដល់ផ្លូវបំបែកជាពីរឈើកាច់ទៅកាន់រក្សជ័យ។ ខ្ញុំបានដោះក្របីចេញពីរទេះដើម្បីឲ្យវាដេកសម្រាកសិន ព្រោះក្របីរបស់ខ្ញុំបានដើរជាប់រហូតអស់ពេលពីរថ្ងៃមកហើយ។ ខ្ញុំយកស្មៅដែលនៅសេសសល់បន្តិចដាក់ឲ្យក្របីស៊ីបង្ហើយ។ នៅតាមដងផ្លូវមានកងទ័ពខ្មែរក្រហមជាច្រើនរយនាក់ប្រដាប់ដោយកាំភ្លើងនិងគ្រាប់រំសេវពេញខ្លួនកំពុងអង្គុយជាជួរយ៉ាងស្ងាត់ស្ងៀមដែលបង្ហាញពីភាពហេវហត់ក្នុងការធ្វើដំណើរ។ ខ្ញុំប្រថុយសួរកងទ័ពខ្មែរក្រហមម្នាក់ដែលអង្គុយក្បែររទេះរបស់ខ្ញុំថា តើខ្ញុំគួរធ្វើដំណើរទៅទិសខាងណាវិញ? គាត់បានប្រាប់ខ្ញុំថាគាត់មិនដឹងទេ ព្រោះសូម្បីតែក្រុមកងទ័ពរបស់គាត់ក៏មិនដឹងថាត្រូវធ្វើដំណើរទៅទីណាដែរ ហើយគាត់កំពុងតែរង់ចាំបញ្ជាពីថ្នាក់លើ។
ម៉ោងប្រហែល ១០ យប់ខ្ញុំបានបន្តដំណើរទៅតាមផ្លូវទៅទិសខាងជើងឆ្ពោះទៅរក្សជ័យ។ពេលទៅដល់ផ្លូវបំបែកទៅវត្តកំរ៉ែងខ្ញុំបានជួបអ្នកភូមិជាមួយគ្នាចំនួនពីររទេះគោទៀតហើយបានបបួលគ្នាសម្រាកនៅទីនោះរហូតដល់ភ្លឺ។
ថ្ងៃស្អែកខ្ញុំបានរៀបចំរទេះដើម្បីបន្តដំណើរទៅមុខទៀត។ស្ថានការណ៍គ្រប់យ៉ាងនៅតែមិនទាន់ប្រាកដប្រជានៅឡើយ។ប្រជាជនមួយក្រុមដែលទើបតែធ្វើដំណើរមកពីឈើកាច់មកដល់កន្លែងឈប់សម្រាក។ របស់ខ្ញុំបានប្រាប់ខ្ញុំថា កងទ័ពខ្មែរក្រហមមិនមានវត្តមាននៅតាមផ្លូវទៀតឡើយ។ គាត់បន្តទៀតថាក្រុមរបស់គាត់បានសម្រេចចិត្តវិលត្រឡប់ទៅក្នុងភូមិវិញ។ បន្តិចក្រោយមកខ្ញុំជួបអ្នកជិះកង់ពីរនាក់ដែលជិះយ៉ាងលឿនតាមផ្លូវពីវត្តកំរ៉ែង ។ គាត់ទំនងជាអ្នកមកពីឆ្ងាយ។ ខ្ញុំបានសួរគាត់ថាតើគាត់ធ្វើដំណើរទៅណាវិញក្នុងសភាពប្រញាប់ប្រញាល់ដូច្នេះ។ គាត់បានប្រាប់ខ្ញុំថា កងទ័ពវៀតណាមមកជិតដល់ហើយ។ ឮដូច្នោះខ្ញុំមានការព្រួយបារម្ភដែរថា តើកងទ័ពវៀតណាមនិងធ្វើអ្វីខ្ញុំទេ។ ខ្ញុំបានសម្រេចចិត្តថានឹងត្រូវតែវិលត្រឡប់ទៅខាងក្រោយវិញដើម្បីគេចឲ្យផុតពីក្រុមខ្មែរក្រហម។ រទេះក្របីខ្ញុំរំកិលខ្លួនយឺតៗតាមផ្លូវលំឆ្ពោះមករកវត្តកំរ៉ែងដើម្បីវិលត្រឡប់ទៅផ្ទះវិញ។ ខ្ញុំមិនបានទទួលដំណឹងអ្វីសោះពីឪពុកម្ដាយនិងប្អូនៗទាំង ៦ នាក់របស់ខ្ញុំ។ នៅតាមផ្លូវខ្ញុំឃើញមានប្រជាជនខ្លះបានវិលត្រឡប់មកដល់លំនៅឋានវិញ។ ពេលមកដល់ក្បែរវត្តកំរ៉ែងខ្ញុំបានជួបកងទ័ពវៀតណាមមួយឡានកំពុងបើកសំដៅទៅទិសខាងលិច។ ខ្ញុំខំប្រឹងញញឹមដាក់កងទ័ពវៀតណាមទាំងអស់នោះ ហើយលើកដៃទាំងពីរឡើងលើព្រមទាំងស្រែកថា ជយោ! ជយោ! ជាច្រើនដង។ កងទ័ពវៀតណាមបានបង្អង់ល្បឿនរថយន្តបន្តិចនិងសម្ដែងទឹកមុខញញឹមញញែមដាក់ខ្ញុំថែមទាំងលើកដៃជាសញ្ញាអបអរសាទរចំពោះការវិលត្រឡប់ថយក្រោយរបស់ខ្ញុំ។ បន្តិចក្រោយមក មានរថយន្តមួយគ្រឿងទៀតមកដល់ ហើយខ្ញុំក៏បានសម្តែងដាក់កងទ័ពវៀតណាមទាំងនោះដូចមុនទៀត។ កងទ័ពម្នាក់និយាយភាសាខ្មែរយ៉ាងច្បាស់មកកាន់ខ្ញុំថា សូមបងប្អូនកុំភ័យកងទ័ពយើងមករំដោះបងប្អូនទាំងអស់គ្នាហើយ។
សូមបងប្អូនវិលត្រឡប់ទៅផ្ទះរាងៗខ្លួនវិញចុះ។ខ្ញុំនឹងប្រជាជនផ្សេងទៀតបានលើកដៃឡើងលើ ហើយនាំគ្នាស្រែកថា ជយោ! ជយោ! ជាច្រើនដងទៀតដែរ។
ពេលនេះខ្ញុំមើលឃើញថាកងទ័ពវៀតណាមពិតជាបានមករំដោះជីវិតខ្ញុំនិងប្រជាជនខ្មែរដែលនៅសេសសល់ពីស្លាប់ពិតប្រាកដមែន។ ខ្ញុំបានត្រឡប់ទៅដល់ភូមិក្រូចវិញនៅល្ងាចថ្ងៃទី ៦ មករាឆ្នាំ ១៩៧៩។ ប្រជាជននៅក្នុងភូមិ ភាគច្រើនបានត្រឡប់មកដល់ភូមិតាំងតែពីព្រឹក។ ប្រជាជនទាំងអស់នោះបានប្រាប់ខ្ញុំថា អ៊ាន និង លានដែលបានសម្លាប់ប្រជាជនអស់ជាច្រើននាក់នោះត្រូវអ្នកភូមិមួយក្រុមចាប់យកទៅសម្លាប់សងសឹកវិញបាត់ទៅហើយ រីឯមេខ្មែរក្រហមក្នុងភូមិក្រូចផ្សេងទៀតបាននាំគ្នារត់គេចខ្លួនបាត់អស់។
ខ្ញុំមិនចង់ឲ្យមានការសម្លាប់សងសឹកគ្នាបែបនេះនោះទេ។ប៉ុន្តែការសម្រេចចិត្តរបស់ប្រជាជនដែលបានធ្វើរួចទៅហើយក្នុងពេលនោះ។ អ្វីដែលខ្ញុំត្រូវធ្វើក្នុងពេលនេះគឺខ្ញុំសូមសង្រួមកាយ វាចាចិត្ត គោរពវិញ្ញាណក្ខន្ធបងប្អូនទាំងអស់នៅក្នុងភូមិក្រូចដែលបានបាត់បង់ជីវិតក្រោមការសម្លាប់របស់ខ្មែរក្រហម។ ខ្ញុំសូមផ្ញើសារពិសេសជូនវិញ្ញាណក្ខន្ធរបស់ ណាវី ថាឈ្មោះអ៊ានដែលបានធ្វើបាបអូន ចាប់រំលោភអូន មុននឹងសម្លាប់អូននោះ ត្រូវបានពលរដ្ឋក្នុងភូមិយើងកាត់ទោសសងសឹកជូនអូនរួចហើយ។ បងសូមបួងសួងឲ្យព្រលឹងអូនបានទៅកាន់សុគតិភពជារៀងរហូត។ បងសូមផ្សងចំពោះវិញ្ញាណក្ខន្ធអូន ណាវីថា បើមានជាតិក្រោយបងប្រាថ្នាឲ្យបានជួបអូនជាគូគាប់ពេញមួយជីវិត៕ (ចប់ដោយបរិបូណ៌)