គ្រូបង្វឹកក្រុម Paris St Germain លោក Luis Enrique បានបដិសេធមិនរិះគន់អាជ្ញាកណ្តាល Francois Letexier ចំពោះការមិនបណ្ដេញខ្សែការពារ Wilfried Singo របស់ក្រុម AS Monaco កាលពីថ្ងៃពុធ បន្ទាប់ពីការប្រកួតដ៏គ្រោះថ្នាក់បានធ្វើឱ្យអ្នកចាំទី Gianluigi Donnarumma របស់ក្រុម PSG រងរបួសមុខធ្ងន់ធ្ងរប្រឈមនឹងការព្យាបាលរយៈពេលយូរ។
PSG បានត្រលប់មកវិញពីលទ្ធផល ២-១ ក្នុងតង់ទី១ ប៉ុន្តែបានបន្ថែមការយកឈ្នះ ៤-២ នៅ Monaco ប៉ុន្តែពួកគេត្រូវជំនួសកន្លែង Donnarumma នៅពាក់កណ្តាលតង់ទី១ ដោយសារអ្នកចាំទីរូបនេះបានរងរបួសផ្ទៃមុខធ្ងន់ធ្ងរដេរជាច្រើនថ្នេរ ពេលប៉ះនឹងបាតស្បែកជើងកីឡាករ Singo។
លោក Luis Enrique បាននិយាយនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតថា “ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល? ខ្ញុំមិនអាចធ្វើអ្វីបាន ខ្ញុំមិនបានឃើញសកម្មភាពនោះទេ ប៉ុន្តែនៅពេលដែលអ្នកឃើញសកម្មភាពបែបនេះ វាតែងតែពិបាក។ កីឡាករមិនមានចេតនាធ្វើឲ្យឈឺចាប់ទេ វាពិបាកក្នុងការកាត់ទោសការប្រកួតបែបនេះ ខ្ញុំមិននិយាយពីការងារអាជ្ញាកណ្តាលទេ”។
កីឡាករ Singo ត្រូវបានគេដាក់គោលដៅថា នឹងទទួលបានកាតភ្លាមៗ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍ថា អាជ្ញាកណ្តាលបានមើលឃើញថា ការទាក់ទងនោះជារឿងចៃដន្យ ជាជាងចេតនា ហើយបានអនុញ្ញាតឱ្យគាត់បន្តនៅលើទីលាន។ ទោះយ៉ាងណាក៏ដោយ Donnarumma ត្រូវជំនួសដោយអ្នកចាំទីបម្រុង Matvey Safonov។
ថ្វីបើតាមពីក្រោយ ២-១ ក្នុងតង់ទី២ ប៉ុន្តែ PSG បានវាយបកវិញដោយគ្រាប់បាល់ពី Goncalo Ramos និង Ousmane Dembele ដើម្បីពង្រីកការមិនស្គាល់ចាញ់របស់ពួកគេនៅក្នុងលីកនៅរដូវកាលនេះរហូតដល់១៦ប្រកួត។ PSG ឡើងទៅឈរលើកំពូលតារាង ដោយមាន៤០ពិន្ទុដាច់១០ពិន្ទុពីគូប្រជែងក្រុម Olympique de Marseille និង Monaco។
លោក Luis Enrique បានបញ្ជាក់ចុងក្រោយថា “គោលបំណងត្រូវបានសម្រេច។ វាគឺជាការប្រកួតដ៏លំបាកមួយ យើងមិនបានស្មើគ្រប់ពេលនោះទេ ពួកគេដឹងពីរបៀបត្រលប់មកវិញ និងនាំមុខ ប៉ុន្តែខ្ញុំសប្បាយចិត្តជាមួយនឹងលទ្ធផល”៕ (រូបភាព ៖ Reuters/CNA)