ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះអ្នកស្រី អម្ពរទេវី បានធ្វើដំណើរមកដល់កម្ពុជាហើយកាលពីល្ងាចថ្ងៃទី១៣ ខែសីហានេះ ។ អ្នកនាងនឹងបង្ហាញវត្តមានជាថ្មីក្នុងខ្សែភាពយន្តខ្នាតធំមួយដែលដឹកនាំការផលិតដោយអ្នកស្រីពាន់ភួងបុប្ផា គឺរឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលប្លង់សំខាន់របស់នាងនឹងត្រូវចាប់ផ្តើមថតចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ។
អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង អម្ពរ ទេវី បានបាត់មុខពីការសម្តែងអស់រយៈពេលជាង១ទស្សវត្សរ៍មកហើយ។ គេនៅចាំបានថា វត្តមានតារាសម្តែងអម្ពរទេវី បានធ្វើឲ្យអ្នកទស្សនាចាំមិនភ្លេចព្រោះតែនាងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងវិស័យសម្តែងភាពយន្ត។ ទោះបីជាប្រឡូកយ៉ាងជោគជាំនាងបានបន្សាត់ខ្លួនពីការសម្តែងដោយស្ងប់ស្ងាត់។
ជាង១០ឆ្នាំហើយដែលអតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងអំឡុងទសវត្សរិ៍ទី៩០ រូបនេះបានបានចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមរិក ដែលក្រោយមកនាងបានរៀបការប្តីថ្មី។ ដំណឹងនៃការវិលមករកការសម្តែងឡើងវិញបានលេចឮឡើងកាលពីដើមឆ្នាំ២០១៦ មកម្ល៉េះ ហើយកាលពីល្ងាចថ្ងៃទី១៣ ខែសីហា នេះនាងបានធ្វើដំណើរមកដល់ព្រលានយន្តហោះមុខការគ្រោងទុក។
អ្នកស្រីពាន់ ភួងបុផ្ផា ជាអ្នកដឹកនាំខ្សែភាពយន្ត ដែលបានទៅទទួលនាងបានលើកឡើងថា ដំណើរមកដល់របស់នាងមុនការគ្រោងទុកព្រោះតែនាងបានផ្លាស់ប្តូរយន្តហោះ។ អ្នកស្រីបញ្ជាក់ថា នាងបានវិលមកកម្ពុជាជាមួយកូនប្រុស ហើយអតីតស្វាមីនាងគឺលោក ពេជ្រ ភារុណ ក៏បានទៅទទួលផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។
អ្នកស្រីបញ្ជាក់ថា ក្រៅពីការសាកសួរសុខទុក្ខសាច់ញាតិ គម្រោងសំខាន់របស់នាងគឺការចូលរួមសម្តែងខ្សែភាពយន្តរបស់ផលិតកម្មថោនគឺរឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលអ្នកស្រីជាអ្នកដឹកនាំសម្តែង។ អ្នកស្រីបន្តថា ភាពយន្តនេះបានចាប់ផ្តើមការផលិតមួយរយៈពេលមកហើយហើយប្លង់សំខាន់ៗដែលមានសម្រាប់តារាសម្តែងជើងចាស់រូបនេះនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៨ ខែសីហា និងបញ្ចប់នៅថ្ងៃទី២៥ ខែសីហា នេះ។
អ្នកស្រីបញ្ជាក់ដែរថា អ្នកស្រីមានបំណងរៀបចំឲ្យមានជំនួបរវាងតារាសម្តែងល្បីក្នុងទសវត្សរិ៍ទី៩០រូបនេះ និងអ្នកសារព័ត៌មានប្រយោជន៍ដើម្បីឲ្យអ្នកសារព័ត៌មានផ្តិតយករូបថត រូបភាព និងជជែកពីការងារដែលនាងបានធ្វើនៅពេលនេះ។ អ្នកស្រីថ្លែងសរសើរថា បើទោះបីជាវ័យជ្រេបន្តិច ប៉ុន្តែអ្នកនាងអម្ពរទេវី នៅតែស្រស់ស្អាត ពិសេសមិនធាត់ខ្លាំងដូចសិល្បករជំនាន់នាងផ្សេងៗទៀតនោះទេ។ អ្នកស្រីរំពឹងដែរថា គម្រោងចេញថតជាថ្មីរបស់អ្នកនាងនឹងបញ្ចប់តាមការគ្រោងទុក ហើយទស្សនិកជននឹងនៅតែបន្តការគាំទ្រតារាសម្តែងស្រីរូបនេះផងដែឬ។
រឿង «ទឹកចិត្តម្តាយសម័យថ្មី» ដែលជាខ្សែភាពយន្តខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មថោន ដែលដឹកនាំសម្តែងដោយអ្នកស្រី ពាន់ ភួងបុប្ផា បានប្រកាសចេញថតកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ។ តារាសម្តែង៤ជំនាន់ផ្សេងគ្នាដែលនឹងសម្តែងរូមគ្នាក្នុងខ្សែភាពយន្តនេះ មានដូចជាសិល្បករល្បីជំនាន់ទស្សវត្សរិ៍ទី៦០អ្នកស្រី ឌី សាវ៉េត តារាសម្តែងទសវត្សរិ៍ទី៩០ អ្នកនាង អម្ពរទេវី លោក ទេព រិនដារ៉ូ តារាសម្តែងល្បីឈ្មោះក្នុងឆ្នាំ២០០០ អ្នកនាង ស៊ឹម សូលីកា និងអ្នកនាង ស្វែង សុជាតា និងតារាសម្តែងល្បីឈ្មោះក្នុងពេលបច្ចុប្បន្ន គឺអ្នកនាង សុខ សោម៉ាវត្តី កញ្ញា ឌុច លីដា លោក យិតមាស ឧស្សាហ៍ និងតារាសម្តែងជាច្រើនរូបទៀតនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «ទឹកចិត្តម្តាយសម័យថ្មី»។
ក្រៅពីតារាសម្តែងល្បីឈ្មោះទាំងនេះក៏នឹងមានការបង្ហើរសំនៀងរបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺកញ្ញា មាស សុខសោភា និងលោក ខេម ក៏នឹងត្រូវបានលើកយកមកដាក់បញ្ចូលក្នុងខ្សែភាពយន្តនេះផងដែរ។ ខ្សែភាពយន្តនេះត្រូវបានគេរំពឹងថានឹងផ្ទុះចេញនូវការគាំទ្រច្រើនពីទស្សនិកជនខណៈដែលវាគឺជាទស្សនីយភាពសិល្បៈពិសេសប្លែកមិនធ្លាប់មាន។ ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តក្នុងអំឡុងចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ខាងមុខ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នអតីតារាសម្តែង អម្ពរទេវី កំពុងរស់នៅទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺកូនប្រុសបងឈ្មោះ ភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះ ភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាង អម្ពរ ទេវី បានសម្ដែងមិនតិចជាង ១០០រឿងនោះទេ ដោយរឿងល្បីៗរួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល»ជាដើម៕
ដោយ៖ វឌ្ឍនា