ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ឃាត់ចាប់ខ្លួនអ្នកកាសែតម្នាក់ ដោយចោទពីបទកំហែងយកតាមដីការបង្គាប់ឲ្យនាំខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់អនុវត្តបន្តតាមនីតិវិធី។
តាមការឲ្យដឹងពីលោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា ៈហេតុការណ៏នេះកម្លាំងនគរបាលខេត្តបាត់ដំបងបានអនុវត្តឡើងកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ-សង្កាត់ទួលតាឯក ក្រុង – ខេត្តបាត់ដំបង។ លោកនាយការិយាល័យបន្តថា លុះព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែលសមត្ថកិច្ចខេត្តបាត់ដំបង (អនុវត្ត) ហៅសមត្ថកិច្ចរបស់លោកទៅយក ដើម្បីប្រគល់ខ្លួនជនសង្ស័យនាំមកខេត្តពោធិ៍សាត់បន្តតាមនីតិវិធី ហើយការអនុវត្តឃាត់ចាប់ខ្លួនអ្នកកាសែតខាងលើនេះ គឺអនុវត្តឡើងតាម (ដីកាបង្គាប់ឲ្យនាំខ្លួន) ដោយចោទពីបទ (កំហែងយក) លេខ ៧៦ ដបងខ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ចេញដោយលោក រស់ ផូរា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់។ លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបន្តទៀតថា អ្នកកាសែតត្រូវបានអនុវត្តខាងលើឈ្មោះ ប៉ាក ស៊ីណា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរអ្នកសារព័ត៌មាននៅអង្កភាព (វាលឥន្រ្ទី) ទីលំនៅបច្ចុប្បន្នភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហើយគាត់បានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិ-ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងករណី (បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៦៣,៣៦៤,នៃក្រមព្រហ្មទណ្ឌ។ លោកបញ្ជាក់បន្ថែមទៀតផងដែរថា ចំពោះករណីខាងលើនេះនិងបញ្ជូនជនសង្ស័យទៅសាលាដំបូងខត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ។
ប្រភពព័ត៌មានផ្សេងៗលើកឡើងថាក្នុងករណីអនុវត្តដីកា លើអ្នកកាសែតនោះដូចជាច្បាស់លាស់ត្រឹមត្រូវណាស់ ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់លាស់នោះទេថាអ្នកកាសែតរូបនេះប្រព្រឹត្តបទល្មើសអ្វីនោះទេ ហើយក៍គេមិនទាន់បានដឹងដែរថា តុលាកាសម្រេចត្រូវឃុំខ្លួនអ្នកកាសែតរូបនេះឬមិនត្រូវឃុំនោះទេ៕
ដោយៈប៉ឹម ពិន